Saturday, March 19, 2016

ភាព​ខុសគ្នា​រវាង Pages និង Post

 ខាង​ក្រោម​នេះ​ខ្ញុំ​និយាយ​អំពី​ភាព​ខុស​គ្នា​រវៀង Pages និង Post
មិនមែន​និយាយ​អំពី​ការ​ដាក់​ Menu drop-down ទេ

     នៅ​លើ Wordpress គេ​មាន​ចំណាត់​ក្រុម​អោយ​យើង​ប្រើ​សម្រាប់ ដាក់ Post (ប្រកាស) ទៅ​តាម​ផ្នែក​ផ្សេង​ៗ ដែរ​យើង​បាន​បង្កើត ឧទាហរណ៍ ខ្ញុំ​ និយាយ​អំពី​ កុំព្យូទ័រ ហើយ​នៅ​ក្នុង​​ ផ្នែក​កុំព្យូទ័រ​វា​មាន​ កម្មវិធី​ថ្មី , ផលិតផល​ថ្មី , គន្លឹះ​អ៊ីនធឺណិត តែ​នៅ Blogspot នេះ​វិញ​មិន​អាច​ដាក់ ទៅ​តាម​ចំណាត់​ក្រុម​បាន​ទេ មូល​ហេតុ​មក​ពី​គ្មាន​មុខងារ​ចំណាត់​ក្រុម ??? តែ​យើង​ក៏​អាច​ច្នៃ​អោយ​មាន​ចំណាត់​ក្រុម​ដែរ​ដោយ​ប្រើ​មុខ​ងារ Labels (ផ្លាក) វិញ សូម​បញ្ជាក់​ថា Tag នៅ Wordpress ទុក​សំរាប់​អោយ​យើង​ដាក់​ពាក្យ​ដែរ​ទាក់ទង
​ នឹង​ Post ណាមួយ​ ឧទាហរណ៍ ខ្ញុំ​សរសេរ​ប្រកាស​មួយ​ដែរ​និយាយ​អំពី Windows 8 ដូច​នេះ​ខ្ញុំ​ដាក់​ Tag អោយ​មាន​ពាក្យ Windows7 , computer , Windows 8 គឺ​ជា​ការ​ដាក់​ពាក្យ​អោយ​ទាក់ទង​ នឹង​ប្រធានបទ Windows 8 ដើម្បី​ទុក​ជា​ពាក្យ​គន្លឹះ​ អោយ​អ្នក​ទស្សនា​ស្វែង​រក​ដោយ​គេ​វាយ ពាក្យ​ណាមួយ​ដែរ​គេ​ចង់​ដឹង​នៅ​ពេល​ដែរ​គេ​មិន​ដឹង​ថា​មាន​អី​ខ្លះ​នៅ​ក្នុង ​ប្លក់​របស់​យើង តែ​ Blogspot វិញ​គឺ​ផ្សេង ។ សូម​មើល​ពី​ភាព​ខុស​គ្នា​ដូច​ខាង​ក្រោម៖ 

Pages ឬក៏ ទំព័រ ៖

     Pages យើង​បង្កើត​វា​ដើម្បី​សរសេរ​ប្រកាស​អី​មួយ​ដែរ​វា​ការ​ប្រើប្រាស់​ញឹកញាប់ ឬក៏​ចង់​អោយ​វា​បង្ហាញ​អោយ​អ្នកទស្សនា​ឃើញ​រហូត ឧទាហរណ៍ ខ្ញុំ​ចង់​ដាក់​ប្រកាស​មួយ​អំពី ​​ទាញ​យក​កម្មវិធី​ថ្មីៗ ឬ ពុម្ពអក្សរ​​ខ្មែរ​យូនីកូដ ដោយ​ខ្ញុំ​ចង់​អោយ​វា​បង្ហាញ​នៅ​លើ Menu វា​ងាយស្រួល​អោយ​គេ​ឆាប់​ឃើញ​និង​ជា​រៀង​រហូត។ ដូច​នេះ​ខ្ញុំ​មិន​សរសេរ​វា​ជា​ Post (ប្រកាស)ទេ ខ្ញុំ​ត្រូវ​សរសេរ​វា​ជា Page (ទំព័រ) វិញ ដោយ​ចូល​ទៅ​កាន់ Pages >> New page រួច​សរសេរ​អ្វី​ដែរ​យើង​ចង់​បង្ហាញ​ (សូម​មើល​រូប​ខាង​ក្រោម)
Pages >> New page >> Blank page

-Blank page : មាន​ន័យ​ថា​យើង​បើក​យក​មួយ​ទំព័រ​ដើម្បី​សរសេរ​។
-Web address : មាន​ន័យ​ថា​យើង​ចង់​ដាក់​ Link (តំណ) ពី វ៉េបសាយ/ប្លក់ ​ពី​ខាង​ក្រៅ។

-Top tabs : បង្ហាញ Menu​ Page (ទំព័រ) នៅ​ផ្នែក​ខាង​លើ​ (​ជាប់​ខាង​ក្រោម Banner)
-Side links : ដាក់ Menu ​នៅ​ចំហៀង
-Don't show : មិន​បង្ហាញ Menu

 Post ឬក៏ ប្រកាស ៖

     Post  គឺ​រាល់​អត្ថបទ​ដែរ​យើង​សរសេរ​ទូទៅ ត្រង់​ចំនុច​នេះ​ខ្ញុំ​ចង់​បកស្រាយ​អោយ​អ្នក​ដែរ​កំពុង​ប្រើ និង មិន​ទាន់​បាន​ប្រើ ​អោយ​បាន​ជ្រាប​ថា៖ យើង​ត្រូវ​ប្រើ​មុខងារ Labels (ផ្លាក) អោយ​ដើរ​តួ​ជា Catalog (ចំណាត់​ក្រុម) ដែរ​មុខ​ងារ ចំណាត់​ក្រុម មិន​មាន​នៅ​លើ Blogspot ទេ​គឺ​មាន​តែ​នៅ​ Wordpress តែប៉ុណ្ណោះ។ ដូច្នេះ​យើង​មាន​តែ​យក Labels ប្រើ​ជា Catalog ។ ដូច្នេះ Lables របស់​ Blogspot មាន​មុខងារ​ដូច​ Catalog របស់ Wordpress ដែរ​តែ Labels មិន​ទូលំទូលាយ ឬ​មិន​មាន​ភាព​ងាយ​ស្រួល​ឡើយ(ព្រោះ​យើង​មិនអាច​កែ​ប្រែ​ពាក្យ Labels បាន​ទេ នៅ​ពេល​ដែរ​យើង​ចង់​ដូរ​ឈ្មោះ​ Labels មាន​តែ​វិធី​មួយ​គត់​គឺ បង្កើត Labels ថ្មី​មួយ រួច​យក​ជញ្ជូន​ Post យក​មក​ដាក់​ក្នុង​Labels ថ្មី​នោះ(សូម​មើល​រូប​ខាង​ក្រោម)
Tag នៅ​ Blogspot គឺ​ជា Catalog :D
-All : បង្ហាញ​ប្រកាស (អត្ថបទ​)​ ទាំង​អស់ ។
-Draft : គឺ​ជា​កន្លែង​បង្ហាញ​ប្រកាស​ដែរ​មិន​ទាន់​ផ្សព្វផ្សាយ។ បើ​តាម​រូប​ខាង​លើ គឺ​មាន 1 ប្រកាស ដែរ​មិន​ទាន់​បាន​ផ្សព្វផ្សាយ។
-Published : បង្ហាញ​ចំនួន​ប្រកាស​ដែរ​បាន​ផ្សព្វផ្សាយ​រួច។
-Revert to draft : ដក​យក​ប្រកាស​ដែរ​បាន​ផ្សព្វផ្សាយ​រួច ទុក​វិញ (មិន​បង្ហាញ​វិញ)។

Labels នៅ​ពេល​នោះ​គឺ Catalog
-ប្រអប់ Labels : ជា​កន្លែង​អោយ​យើង​បង្កើត​ថ្មី​មួយ វា​ដូច​យើង​បង្កើត Catalog នៅ​ Wordpress ដែរ ។ សូម​លោក​អ្នក​គិត​អោយ​បាន​ច្បាស់​នូវ​ពាក្យ ដែរ​ចង់​បង្កើត ដោយ​សារ​វា​មិន​មាន​មុខ​ងារ​អោយ​កែប្រែ​ទេ​មាន​តែ បង្កើត​ថ្មី​មួយ​ទៀត >> នាំ​ប្រកាស​ដាក់​ចូល​អា​ថ្មី​ហ្នឹង ​>> រួច​លុប​អា​ចាស់​ចោល។
-អក្សរ​​នៅ​ក្នុង​គំនូស​ក្រហម​ដែរ​ខ្ញុំ​គូស​នេះ គឺ​ជា Labels ដែរ​ខ្ញុំ​បាន​បង្កើត​រួច​ហើយ ដូច​នេះ​យើង​ត្រូវ​ដឹង​ថា Labels មួយ​ស្មើ Folder មួយ ដែរ​ជួយ​យើង​រៀប​ទុកដាក់​ប្រកាស​អោយ​មាន​របៀប​រៀបរយ។ ដោយ​លើក​ក្រោយ​យើង​មិន​បង្កើត​ថ្មីទេ​ គឺ​យើង​យក​អា​ចាស់​ប្រើ​ទៀត ។

 របៀប​បង្ហាញ​ Lables នៅ​ចំហៀង​ប្លក​របស់​យើង៖
-ចូល​ទៅ Layout >> Add a Gadget >> Labels (ភាគ​ច្រើន​គេ​ដាក់​នៅ​ផ្នែក​ចំហៀង​និង​នៅ​លើ​គេ)
ការ​កំណត់ Gadget Lables ​ខ្លះៗ
-Title : សម្រាប់​ដាក់​ឈ្មោះ​អោយ Gadget Labels ភាគ​ច្រើន​គេ​ដាក់​ថា "មើល​ប្រកាស​តាម​ចំណាត់​ក្រុម" ។
-Show :
     +All Labels : បង្ហាញ Labels ទាំង​អស់
     +Selected Labels : ចង់​បង្ហាញ​ខ្លះ លាក់​ទុក​ខ្លះ (សម្រាប់​អ្នក​ដែរ​ចង់​មិន​បង្ហាញ​ Labels ណាមួយ ដោយ​ចុច​លើ​ពាក្យ Edit រួច​ដោះ ធីច​ណា​មួយ​ចេញ។
-Sorting :
     +Alphabetically : បង្ហាញ​តាម​លំដាប់​អក្សរ
     +By Frequency : បង្ហាញ​តាម​ភាព​ញឹកញាប់
-Display :
     +List : បង្ហាញ​ជា​តារាង
     +Cloud : បង្ហាញ​ជា ផ្សែង​ពពក
-Show number of post per label : កំណត់​អោយ​បង្ហាញ ចំនួន​ប្រកាស​ក្នុង​ Labels នីមួយៗ

      សង្ខេប​សេចក្ដី៖
-  Pages មិន​មាន​អោយ​កំណត់ Lables ទេ គឺ​ឯករាជ​មិន​ឋិត​ក្នុង​ចំណាត់​ក្រុម។
-  Post មាន​អោយ​កំណត់ Lables ដូច្នេះ​ត្រូវ​ប្រើ​វា​ជា​​ប្រកាស​ដែរ​ឋិត​ក្នុង​ក្រុម​ណាមួយ។

មតិ ​អាក្បាលធំ៖ សូម​លោកអ្នក​ដែរ​កំពុង​ប្រើ Blogspot ទាំងអស់​ត្រូវ​រៀបចំ​ទុកដាក់ "ប្រកាស" អោយ​មាន​របៀបរបប​ត្រឹមត្រូវ គឺ​ត្រូវ​រៀប​ចំ​ទុក​ក្នុង Labels នីមួយៗ មិន​ត្រូវ​ទុក "ប្រកាស" អារាត់អារាយ​ ប៉ាតណាប៉ាតណី នោះ​ទេ។ មូល​ហេតុ​គឺ​ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ចូល​ទស្សនា អាច​បើក​មើល​តាម Labels នេះ​បាន ដោយ​មិន​ត្រូវ​ការ​បើក​មើល​តាម ខែ​ឆ្នាំ​ នោះ​ទេ៕

មុខងារ Readmore ដែលមាន​ស្រាប់​ក្នុង Blogger

     តើ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទើប​​អោយ​ទំព័រ​ដើម (Home) ​បង្ហាញ​ប្រកាស​ជា​សង្ខេបៗ ដោយ​មាន​តំណ​អោយ​ចុច​ដើម្បី​ចូល​ទៅ​អាន​ប្រកាស​ពេញ​នោះ (សម្រាប់ template ដែល​អត់មាន Auto Readmore) ។ ភាគ​ច្រើន​នៃ ThemeTemplate ដែរ​ Download ពី​វ៉ែបសាយ​​ដ៏ទៃ គឺ​បាន​បញ្ចូល​មុខងារ {{ អាន​បន្ត Read More }} មក​ជា​មួយ​ស្រាប់ ដែលជា​ហេតុ​ធ្វើ​អោយ​អ្នក​ប្រើ Blogspot ភាគ​ច្រើន​ចូល​ចិត្ត ទាញ​យក​មក​ដំឡើង​ណាស់។ តែ​បើ​យើង​ជា​អ្នក​អភិវឌ្ឍន៍ សូម​កែច្នៃ​ដោយ​ដៃ​យើង​ផ្ទាល់​វិញ​ទើប​រីក​ចម្រើន ដោយ​យើង​ត្រូវ​ស្រាវជ្រាវ​ស្វែង​រក​កូដ (Code) នៅ​តាម​វ៉ែបសាយ​ផ្សេងៗ មក​តុបតែង​ទើប​យើង​បាន​ចំណេះ​ពិត​ប្រាកដ មិនមែន​យក​ស្រាប់ៗ​។

      Blogspot បាន​បង្កប់​មុខ​ងារ​នេះ​មក​ជាមួយ​ដែរ​ តែ​សម្រាប់​អ្នក​ដែល​ទើប​រៀន​ប្រើ​ដំបូង​​មិនសូវ​ស្គាល់​មក​ពី​មុខងារ​នោះ មាន​ឈ្មោះ​ខុស​ពី​តួនាទី​ពិត​របស់​វា ដែរ​ជា​ហេតុ​ធ្វើ​ឲ្យ​ឆ្ងល់ (កាល​ពីមុន​ខ្ញុំ​ក៏​ឆ្ងល់​ដែរ តើ​ធ្វើ​យ៉ាង​ម៉េច​ទើប​អាច​បង្ហាញ​ជា​សង្ខេប​បាន​?) ឥឡូវ​មាន​ចំលើយ​ហើយ ហើយ​ថែម​ទាំង​មិនបាច់​សរសេរ​កូដ​អី​នោះ​ទេ ងាយ​ៗ​សំរាប់​មនុស្ស​ដូច​ជា​ខ្ញុំ​នេះ និង​អ្នក​ដែរ​មិន​ចេះ​កូដ។
សូម​មើល​ដូច​ខាង​ក្រោម​នេះ៖


 វិធី​ប្រើ Readmore ដែល​មាន​ស្រាប់​ក្នុង Blogger ៖

- Log ចូល​ទៅ​ក្នុង​គណនី​ Blogspot របស់​អ្នក​ដោយ​ចូល​តាម www.blogger.com
- សរសេរ​​អត្ថបទ​មួយ ឬ​ក៏​បើក​យក​​អត្ថបទ​ចាស់​របស់​អ្នក ​យក​មក​កំណត់​អោយ​បង្ហាញ​ជា​លក្ខណៈ​សង្ខេប​នៅ​ទំព័រ​ Home
- ចុច​ដាក់ សញ្ញា Cursor ដែរ​លោត ​"ទឹត" ដាក់​កន្លែង​ណា​ដែរ​អ្នក​ចង់​អោយ​បង្ហាញ​សង្ខេប​ត្រឹម​កន្លែង​នោះ រួច​ចុច​ប៊ូតុងInsert jump break  ជា​ការ​ស្រេច ។ សូម​មើល​រូប​ឧទាហរណ៍​ខាង​ក្រោម​នេះ​៖

ចំណាំ៖ លោក​អ្នក​ត្រូវ​​រៀប​ចំ​ត្រួត​ពិនិត្យ​​អត្ថបទ​រួច​រាល់​អស់​សិន​ទើប​ប្រើ Insert jump break ជា​ចុង​ក្រោយ​គេ​។

ដូរ​អក្សរ Readmore អោយ​ទៅ​ជា ភាសាខ្មែរវិញ៖
-ចូល​ទៅ Layout >> ចុច​ប៊ូតុង Edit ត្រង់​កន្លែង Blog Posts (សូម​មើល​រូប​ខាង​ក្រោម​)៖

នោះ​នឹង​លេច​ចេញ​ផ្ទាំង  Configure Blog Posts ចេញ​មកអោយ​យើង​កំណត់ ៖

-Mumber of post on main page: ជា​ការ​កំណត់​ចំនួន Post អោយ​បង្ហាញ​នៅ​ទំព័រ Home
-Post page link text: កំណត់​អក្សរ​ដែរ​យើង​ចង់​បាន ឧទាហណ៍៖ ចុចទីនេះ​អានបន្ត >>
រួច​ចុច​ប៊ូតុង SAVE ជាការ​ស្រេច :D ៕

របៀប Backup និង Restore Template របស់ប្រព័ន្ធ Blogger

   Template របស់​ប្លក​​ប្រៀប​ដូច​ជា​សំលៀកបំពាក់​របស់​ប្លក ដែល​វា​មិន​ខុស​គ្នា​រវាង Theme របស់​ប្រព័ន្ធ​ដំណើរការ Windows ដែល​ជួយ​អោយ​មាន​រូបរាង​​ផ្សេងៗ​គ្នា​ ទៅ​តាម​ចំណូល​ចិត្ត​អ្នក​បង្កើត និង​អ្នក​ប្រើ​ប្រាស់។ Blogger បាន​អនុញ្ញាត​អោយ​អ្នក​ប្រើប្រាស់​ មាន​សិទ្ធិ​អាច​កែប្រែ បញ្ចូល​កូដ​ទៅ​ក្នុង Template ឬ ក៏​ប្ដូរ​ថ្មី ដែល​អ្នក​ប្រើ​អាច​រក​បាន​ដោយ Free ឬ គិត​លុយ នៅ​តាម​គេហទំព័រ​មួយ​ចំនួន។

   លើក​នេះ​ខ្ញុំ​សូម​ក​លើក​យក​ពី​របៀប​ Backup template ក្នុង​ប្រព័ន្ធ Blogger !!! មូល​ហេតុ​ដែល​ត្រូវ​ធ្វើ​ការ Backup មក​ពី​យើង​ត្រូវ​រក្សា​ទុក Template ដែល​កំពុង​ប្រើ​ទុក​ មុន​នឹង​បញ្ចូល​កូដ (Code) ផ្សេង​ៗ បង្ការ​ក្រែងលោ​មាន​ការ​ថ្លោះធ្លោយ ​ដោយ​សារ​ការ​បញ្ចូល​កូដ​ខុស​​ក្នុង Template។ ឬ​មួយ​វិញ​ទៀត​យើង Backup វា​ទុក​ដើម្បី​ចែក​ឲ្យ​អ្នកដទៃ​ប្រើ សូម​មើល​ខាង​ក្រោម​នេះ៖


ក- របៀប Backup ឬ Restore Template តាមធម្មតា៖  

- ចូល​ទៅ​ក្នុង​គណនី Blogger របស់​អ្នក​តាម www.blogger.com
- ចូល​ទៅ​កាន់ Template >> Backup / Restore (សូមមើល​រូប​ខាង​ក្រោម)

- នោះ​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​អោយ​អ្នក​ចាត់ការ​ជា​មួយ Template

1- Download full template : ចុច​ដើម្បី​ទាញ​យក Template ទុក​ក្នុង​កុំព្យូទ័រ។
2- Upload a template from on your hard drive : ​ចូល​ទៅ​រក​ឯកសារ Template ដែល​អ្នក ចង់​ដំឡើង​ពី​ក្នុង​កុំព្យូទ័រ​របស់​អ្នក ។
3- ប៊ូតុង Upload ចុច​សម្រាប់​ពេល​យើង​ត្រូវការ Upload ស្បែក​ប្លក់។

ចំណាំ ៖ ឯកសារ template មាន​កន្ទុយជា *.XML  ។

ខ- របៀប Upload template តាមវិធីនេះ​ពេល Upload តាមធម្មតាមិនទៅ ៖

   នៅពេល​ខ្លះ​យើង​មិនអាច upload template ទៅបានទេ បណ្ដាល​មកពី template មាន​ទំហំ​ធំ​ពេក ឬ​មកពី​អ៊ីនធឺណិត​ដើរ​យឺត​ពេក ឬ ....។ ដូច្នេះ​យើង​ប្រើ​វិធី​នេះ​វិញ បាន​ទៅ​បាន ៖
ឧទាហរណ៍ យើង​បាន​ទាញ​យក template ស្អាតមួយ​ពីគេហទំព័រ​ផ្សេង ហើយ​ចង់ដំឡើង template នោះ​ដាក់​ក្នុង​ប្លក់​យើង ដោយ ត្រូវ Copy កូដ​ទាំងអស់​ដែល​មាន​ក្នុងឯកសារ XML យក​មក​ដាក់​ក្នុង template Editor ។

- ចម្លង​កូដ​ក្នុងឯកសារ XML ដោយប្រើ​កម្មវិធី Notepad

- ចូល​ទៅ​កាន់ Template >> Backup / Restore (សូម​មើល​រូប​ខាង​ក្រោម)

- លុប​កូដ​ក្នុង​ template Editor ចោល រួច​ហើយ​ដាក់​កូដ​ថ្មី​ចូល រួច​ចុច Save template ជាការស្រេច។ ធ្វើ​របៀប​នេះ​ធានា​ថា​ជោគជ័យ ទោះជា​អ៊ីនធឺណិត​ដើរ​យឺត​ក៏ដោយ។

ចំណាំ ៖ មុននឹង ​ធ្វើការ​ផ្លាស់ប្ដូរ template ថ្មី​ត្រូវ Copy Code Widget ទាំងឡាយ​ដែល​មាន​ជាមួយ​ប្លក់​របស់​យើង ឲ្យ​ហើយ​អស់​សិន ជៀសវាង​ពេល​ដំឡើង template ថ្មី​ធ្វើ​ឲ្យ​បាត់ Widget អស់។


ចង់​បាន Template ថ្មីៗ ស្អាតៗ​?

     Blogspot បាន​ដាក់ Template អោយ​ជ្រើសរើស​បួន​ដប់​ដែរ ​តែ​​មិន​ជា​ស្អាត​ទេ ដូច​នេះ​លោក​អ្នក​ប្រាកដ​ជា​ត្រូវ​ការ​ទាញ​យក Template ពី​គេហទំព័រ​នានា​ ដើម្បី​យក​មក​កែប្រែ​រូបរាង​ប្លក។ ខ្ញុំ​សូម​ណែនាំ​គេហទំព័រ​មួយ​ដែល​​មាន​មុខងារ​អាច​អោយ​អ្នក​ស្វែង​រក Template ដែល​អ្នក​ពេញ​ចិត្ត ទៅ​តាម​ផ្នែក ដូច​ជា៖ Topic, Layout,  Feature និង Color។

-Template របស់ Blogspot ​មាន​កន្ទុយ​ឯកសារ​ជា *.xml

សូម​អរគុណ​ដែល​ចូល​មើល​ប្លក់​អាក្បាលធំ

របៀប​ប្ដូរ​ពុម្ព​អក្សរ Hanuman ដែលមាន​ស្រាប់​ក្នុង Blogger

     សម្រាប់​បងប្អូន​ដែល​កំពុង​ប្រើ template ដែល​មាន​ក្នុងប្រព័ន្ធ Blogger ស្រាប់ៗ ឥឡូវ​នេះ Blogger បាន​បន្ថែម​ពុម្ពអក្សរ​ខ្មែរ​យូនីកូដ​មួយ​​ឈ្មោះ​ថា ហនុមាន (Hanuman) ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ប្លក​រួច​ជាស្រេច ដែល​ជាហេតុ​ធ្វើ​អោយ​អ្នក​ប្រើ​ប្លក មិន​ចាំបាច់​ត្រូវ​សរសេរ ឬ ចម្លង​កូដ​ពី Google Web Fonts នោះ​ទេ ដោយ​គ្រាន់​តែ​ជ្រើសរើស​យក​ជា​ការ​ស្រេច។
     មូល​ហេតុ​ដែល​យើង​​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​ក្នុង​ប្លក់​របស់​យើង គឺ​ដើម្បី​អោយ​ម៉ាស៊ីន​កុំព្យូទ័រ​ដែល​មិន​បាន​ដំឡើង​ពុម្ព​អក្សរ​​ខ្មែរ​ យូនីកូដ​ឈ្មោះ Hanuman អាច​មើល​ឃើញ​ពុម្ព​ហនុមាន​បាន ដោយ​មិន​បាច់​​ដំឡើង​​ពុម្ព​ហនុមាន ក្នុង​ម៉ាស៊ីន​របស់​ពួក​គេ​ឡើយ ហើយ​ម៉្យាង​ទៀត​ដើម្បី​កុំ​ឲ្យ​កម្មវិធី browser បង្ហាញ​ពុម្ព​អក្សរ​ខុស​ពី​ចិត្ត​របស់​ម្ចាស់​ប្លក។ ដើម្បី​​បើក​ប្រើ​សូម​ចូល​ទៅ​កំណត់​ដូច​ខាងក្រោម៖

template ដែលមានស្រាប់ៗក្នុងប្រព័ន្ធ Blogger

៙  របៀប​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ឈ្មោះ​ហនុមាន (Hanuman) ក្នុងប្លក ៖

- ចូល​ទៅ​ក្នុង​គណនី Blogger របស់អ្នក​តាម www.blogger.com 
- ចូលទៅ​កាន់ Template >> Customize (សូមមើល​រូប​ខាង​ក្រោម)
 - ចុច​លើ​ពាក្យ​ថា Advanced រូច​កំណត់​ត្រង់​កន្លែង៖
  • Page Text (ជា​អក្សរ​អត្ថបទ) :​ រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​ខ្ញុំ​យក 14px ។
  • Blog Title (ជា​ចំណង​ជើង​ប្លក​ដែល​ឋិត​នៅ​ក្បាល​ប្លក) : រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​អាស្រ័យ​លើ​លោក​អ្នក ។
  • Tab Text (ជា​អក្សរ​របស់​ Page ឬ Link) : រើស​យក Hanuman (ភាសាខ្មែរ) ឯ​ទំហំ​ខ្ញុំ​យក 16px
  • Post Title (ជា​អក្សរចំណង​ជើង​​អត្ថបទ) : រើស​យក Hanuman (ភាសាខ្មែរ) និង Bold, ឯ​ទំហំ​ខ្ញុំ​យក 18px ។
  • Gadgets (ជា​អក្សរ​របស់ Gadget) :​ រើស​យក Hanuman (ភាសាខ្មែរ) និង Bold, ឯ​ទំហំ​ខ្ញុំ​យក 15px ។
- កំណត់​រួច​សូម​ចុចប៊ូតុង Apply to Blog ដើម្បី​ទទួល​ស្គាល់​ការ​កំណត់ រួច​ចុច Back to Blogger ចូល​មក​កាប់​ប្លក​វិញ៕
សូម​មើល​លទ្ធផល​ដូច​ខាងក្រោម
រូប​ខាងលើ​គឺ​មិន​មាន​បង្កប់​ពុម្ព​អក្សរ (Khmer OS System) ឯ​ខាង​ក្រោម​គឺ​បង្កប់ពុម្ព Hanuman

ចំណាំ ៖ គន្លឹះ​នេះ​អនុវត្តន៍​បាន​ដែរ​ប្លក់​លោកអ្នកដែលកំពុង​ប្រើ template ដែលមាន​ក្នុង​ blogger ស្រាប់ បើ​ប្លក់​អ្នក​បាន​កំពុង​ប្រើ template ដែល​ទាញ​យក​បាន​ពី​គេហទំព័រ​ផ្សេងៗ​គឺ​មិន​ដំណើរការទេ ទាល់តែ​លោកអ្នកចេះ​បង្កប់​ពុម្ពពី Google បាន​អាច​ទៅរួច។

បិទ​មុខងារ Navbar របស់ Blogger ការពារ​គេ Report

Blogger Navbar
   Navbar គឺ​ជា​របា​ដែល​ឋិត​នៅ​ខាង​លើ​បង្អស់​នៃ​ទំព័រ​ប្លក ដែល​មាន​តួនាទី​អាចឲ្យ​យើង​​ស្វែង​រក តាម​ដាន ចែក​រំលែក​ដំណឹង​ទៅ​កាន់​មនុស្ស​ដទៃ រាយការណ៍​បទល្មើស អាច​ចុច​ទៅ​មើល​ប្លក​ផ្សេងៗ​ទៀត ជាដើម។ មូល​ហេតុ​ដែល​អ្នក​ប្រើ blogger ចង់​បិទ Navbar មក​ពី​មើល​ទៅ​ដូច​មិន​សូវ​សម ព្រោះ​ជា​ទូទៅ​គេហទំព័រ​មិនដែល​មាន Navber អី​ទេ ហើយ​ណាមួយ​ដោយសារ​តែ​នៅក្នុង Navber មាន​មុខងារ Report Abuse (រាយការណ៍​បទល្មើស) នោះ​ធ្វើ​អោយ​ម្ចាស់​ប្លក​ចង់​បិទ​វា​ខ្លាំង​ណាស់។  ​ក្រុម​អ្នក​អភិវឌ្ឍន៍​ Blogger បាន​បន្ថែម​មុខងារ​បិទ Navber ដើម្បី​ឲ្យ​អ្នក​ដែល​ចង់​បិទ​វា ​មាន​ភាព​ងាយស្រួល​ជាពិសេស ​អ្នក​ដែល​មិន​ចេះ​កូដ ចេះ​គាំង​អី​នោះ។ តែ​ក៏​បញ្ជាក់​បន្តិច​ថា Navbar ហ្នឹង ​វា​មាន​តែ​ចំពោះ​ប្លក់​ទាំងឡាយណា​ដែល​កំពុង​ប្រើប្រាស់ template ដែល​មាន​ស្រាប់​ក្នុង Blogger ។ សម្រាប់​អ្នក​ដែល​ប្រើ template ពីណាពីណី​អត់​មាន Navbar ហ្នឹង​ទេ។
template ដែលមានស្រាប់ៗក្នុងប្រព័ន្ធ Blogger

សូម​មើល​ពី​របៀប​បិទ​ងាយស្រួល​ដែល​មាន​ស្រាប់​ក្នុង​ប្រព័ន្ធ Blogger៖

- កត់ត្រា​ចូល (Log In) ក្នុង​គណនី Blogger របស់​លោក​អ្នក
- ​ចូល​ទៅ​កាន់ Layout >> ចុច​លើ​ពាក្យ Edit របស់ Navbar ​ដែល​ជា​ទូទៅ​វា​ឋិត​នៅ​ខាង​លើ​គេ (សូម​មើល​រូប​ខាង​ក្រោម)
Layout >> ចុច​លើ​ពាក្យ Edit របស់ Navbar

- នោះ​លោកអ្នក​នឹង​បាន​ឃើញ​ផ្ទាំង​កំណត់​របស់ Navber សូម​ចុច​យក Off ដើម្បី​បិទ​មុខងារ Navbar រួច​ចុច Save ជា​ការ​ស្រេច។ (សូម​មើល​រូប​ខាង​ក្រោម)

   ពេលនេះ​​លោក​អ្នក​លែង​បាន​ឃើញ Navbar ទៀត​ហើយ​សូមរីករាយ​ជាមួយ​ការ​សរសេរ​តែងនិពន្ធ​របស់​អ្នក​ទៀត​ចុះ៕

   ប្លកគឺ ​ជា​សេវា​កម្ម​មិន​គិត​លុយ ឲ្យ​លោក​អ្នក​កត់ត្រា​រាល់​អ្វីៗ​អំពី​ខ្លួន​អ្នក អាច​បង្ហាញ​ជា សាធារណៈ និង​មិនអោយ​​បង្ហាញ​ជាសាធារណៈបាន។ បើក​លោកអ្នក​ចង់​រៀន​បង្កើត​ប្លក ខ្ញុំ​សូម​ណែនាំ​អោយ​ប្រើ​សេវាកម្ម Blogger ដែល​ល្អ​ជាង​ Wordpress.com ហើយ​បើ​មិន​ដែល​ចេះ​ប្រើ Blogger សោះ​នោះ​សូម​ចូល​ទៅ​មើល​មេរៀន​បង្កើត​ប្លក​នៅ អាយធី​កូន​ខ្មែរ​.com ​ដែល​មាន​មេរៀន​ងាយៗ​ចាប់​ពី​មិន​ទាន់​ចេះ​សោះ​មក បន្ទាប់​ពី​ចេះ​ប្រើ Blogger ខ្លះ​ៗ​ហើយ អ្នក​អាច​ចូល​មើល​អំពី​គន្លឹះ​ប្លក ដែល​ខ្ញុំ​បាន​សរសេរ​ជា​ភាសា​ខ្មែរហូហែ ទុក​អោយ​អ្នក​ចង់​ចេះ​ប្រើ​ប្លក៕ :D

5 ចំណុច យើង​គួរ​បង្កើត Blogger ផ្ទាល់ខ្លួន​មួយ

    សួស្ដី! មិត្ត​ទាំងអស់​គ្នា។ ខ្ញុំ​មិនមែន​ជា​អ្នក​ជំនាញ​ខាង​ Blogger អី​ប៉ុន្មាន​ទេ ខ្ញុំ​គ្រាន់​តែ​បកប្រែ​មក​ពី​ប្លុក​បរទេស និង​បន្ថែម​គំនិត​ខ្លួនឯង​ខ្លះ ព្រោះ​ខ្ញុំ​ក៏​មិនសូវ​ចេះ​ភាសា​អង់គ្លេស​ដែរ។ ពេល​នេះ​ខ្ញុំ​សូម​បង្ហាញ​ពី​ហេតុ​ផល​ទាំង 5 យ៉ាង​ដែល​​យើង​គួរតែ​បង្កើត​ Blogger ផ្ទាល់ខ្លួន។

1. អ្នក​នឹង​អាច​ក្លាយ​ជា​អ្នកនិពន្ធ និង​សរសេរ​អត្ថបទ​បាន​កាន់​តែ​ប្រសើរ​ឡើង ៖

   បើ​សិន​កាលពីមុន​អ្នក​​មិន​ចូលចិត្ត​ក្នុង​ការ​សរសេរ អ្នក​អាច​នឹង​ចូលចិត្ត​សរសេរ​វិញ​ព្រោះ​តែ​ប្លុក ដែល​ធ្វើ​ឲ្យ​អ្នក​ស្ទាត់​ជំនាញ​ក្នុង​ការ​ សរសេរ​អត្ថបទ​នៅ​ពេល​អនាគត​។ ម្យ៉ាងទៀត​វា​អាច​ធ្វើ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​អ្នកនិពន្ធ​អត្ថបទ​ម្នាក់ ដ៏​ល្បីល្បាញ​ផង​ដែរ​។ នៅ​ពេល​ដែល​អ្នក​មាន​វ័យ​ចាស់​អ្នក​នឹង​អាច​មើល​ឃើញ​ពី​យុវភាព​របស់​អ្នក​ ក្នុង​កាល​ដែរ​អ្នក​ប្រឡូក​ជា​មួយ​នឹង​បច្ចេកវិទ្យា។ វា​ក៏​ជា​កំណត់ហេតុ​មួយ​ផង​ដែរ ប្រសិន​បើ​អ្នក​មិន​ចងចាំ​ឱកាស​ណា​មួយ​នោះ អ្នក​អាច​នឹង​រំលឹក​អនុស្សាវរីយ​របស់​អ្នក។

2. ធ្វើ​ឲ្យ​អ្នក​មាន​ការ​គិត​ពិចារណា​បាន​វែង​ឆ្ងាយ ៖

   នេះ ​ក៏​ជា​ចំណុច​មួយ​ដ៏​សំខាន់​ផង​ដែរ​។ បើ​​សិន​ជា​អ្នក​សរសេរ​អត្ថបទ​ណាមួយ​នៅ​អ្នក​​នឹង​​អាច​យល់​​ពី​អត្ថន័យ​នៃ​ អត្ថបទ​នោះ​កាន់​តែ​ច្បាស់​លាស់ ហើយ​ស៊ី​ជម្រៅ​ផង​ដែរ​។ ឧទាហរណ៍​អ្នក​សរសេរ​អត្ថបទ​ទាក់ទង​ទៅ​នឹង​ស្នេហា នោះ​អ្នក​នឹង​អាច​នឹង​យល់​ពី​បញ្ហា​ស្នេហា​កាន់តែ​ច្រើន​ឡើង​ហើយ​មិន​ងាយ​ នឹង​ចាញ់​ស្នេហា​ឡើយ។ (មិន​លោត​ទឹក ចង​.ក ...) :D

3. ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ និង​ជីវិត​រីករាយ ៖

   តើ​អ្នក​ជឿ​ទេ​ថា Blogger អាច​ឲ្យ​ជីវិត​របស់​អ្នក​រីករាយ​ និង​មាន​សុខភាព​ល្អ? ចំពោះ​ខ្ញុំ​បាទ ខ្ញុំ​ពិត​ជា​ជឿ 100% ព្រោះ​ថា​នៅ​ពេល​ដែល​ប្លុក​យើង​មាន​​អ្នក​ចូល​អាន​ច្រើន​ ហើយ​ការ​ប្រកាស​ (Post) ក៏​មាន​កាន់តែ​ច្រើន​ដែរ​នោះ វា​ពិត​ជា​ធ្វើ​ឲ្យ​យើង​រីក​រាយ​ពេកក្រៃ​ ពិសេស​គឺ​នៅ​ពេល​មាន​ម្ចាស់​ប្លុក​ដទៃ​ឬ​អ្នក​ដែល​នៅ​ជុំ​វិញ​ខ្លួន​យើង​ បញ្ចេញ​មតិ​យោបល់​ ឬ​ចម្ងល់​ផ្សេង​ៗ​ឲ្យ​យើង​ជួយ​ដោះស្រាយ។ សំខាន់​សម្រាប់​សុខ​ភាព​របស់​យើង​ដែរ​នោះ​គឺ​ទម្លាប់​ដដែលៗ​របស់​យើង​។ ឧទាហរណ៍ ៖ ខ្ញុំ​ក្រោក​ឡើង​នៅ​ម៉ោង​ 5:00AM បន្ទាប់​មក​ខ្ញុំ​ប្រកាស​ក្នុង​ប្លុក​ឲ្យ​បាន​យ៉ាង​ហើយ​ណាស់​ក៏​មួយ​ដែរ។ នៅ​ម៉ោង​ 7:00AM ខ្ញុំ​ទៅ​បរិភោគ​អាហារ​ពេល​ព្រឹក ហើយ​ធ្វើ​ការ​ងារ​មួយ​ចំនួន​។ នៅ​ម៉ោង 10:00AM ខ្ញុំ​បើក​ Facebook ............ នៅ​​ម៉ោង 02:00PM ទៅ 4:00 PM ខ្ញុំ​ប្រកាស​ក្នុង​ប្លុក​ទៀត។ :D

4. អ្នក​នឹង​ជួប​មនុស្ស​ថ្មីៗ ជា​មួយ​នឹង​ចំណេះដឹង​ថ្មីៗ​ផង​ដែរ​ ៖

   ខ្ញុំ​ជឿជាក់​យ៉ាង​ប្រាកដ​ និង​​ច្បាស់​ថា នៅ​ពេល​ដែល​ប្លុក​របស់​លោកអ្នក​មាន​អត្ថបទ​ប្លែកៗ​ច្រើន​ចំនួន​អ្នក​ទស្សនា​ ក៏​មាន​កាន់តែ​ច្រើន​ដែរ​។ អ្នកដទៃ​នឹង Comment មក​យើង​នូវ​ចម្ងល់​របស់​គេ​ពិសេស​អ្នក​អាយធី​ទាំង​ឡាយ (មិន​មែន​អ្នក​ឆុង​តែ​ទឹក​កក​ទេ) នោះ​យើង​កាន់​តែ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ថែមទៀត។ មួយវិញទៀត​យើង​ក៏​បាន​ស្គាល់​នូវ​ប្លុក​ទាំងឡាយ​ដែល​មាន​សភាព​ប្រសើរ​ជាង ​យើង ហើយ​អាច​សាកសួរ​យោបល់​ (ពិសេស​របៀប​ធ្វើ) អ្វីមួយ។

5. អ្នក​អាច​ទទួល​បាន​ប្រាក់​ ៖

   នៅ​ពេល​ប្លុក​របស់​អ្នក​មាន​ភាព​ល្បីល្បាញ​ទទួល​ការ​ពេញ​និយម​ពី​អ្នក​ ទស្សនា​ទាំងឡាយ​នោះ អ្នក​ដែល​មាន​ផលិតផល​ឬ​ចង់​​​ប្រកាស​ដំណឹង​ផ្សេងៗ ច្បាស់​ជា​រត់​មក​រក​យើង ពិសេស​អាច​មាន​អ្នក​សុំ​ដាក់​ដំណ​ភ្ជាប់​ទៀត​ផង។ បើ​យើង​បាន​ទិញ​ដូមែន (Domain) ទៀត​រឹតតែ​ប្រសើរ​។ ដូមែន​​ មាន​ដូច​ជា ៖ .info (តម្លៃ​ថោក) .com . Net .info .deu .kh......។

   ចំណុច​ទាំងឡាយ​ដែល​ខ្ញុំ​សរសេរ​ខាងលើ​​នេះ​សង្ឃឹម​ថា លោក​អ្នក​អាច​យល់​ខ្លះៗ និង​អាច​ទទួល​យក​បាន​។ ដូចនេះ​ដើម្បី​កុំ​ឲ្យ​ចាញ់​គេ​ក្នុង​ពិភព​បច្ចេកវិទ្យា​ថ្មីៗ​នេះ យើង​ជា​កូន​ខ្មែរ​គប្បី​បង្កើត​ប្លុក​ឲ្យ​បាន​ច្រើន និង​មាន​ប្រយោជន៍​ចំពោះ​ជនជាតិ​​យើង​ផង​ដែរ៕

10 មូលហេតុ​អ្នក​គួរតែ​ទិញ Domain ផ្ទាល់​ខ្លួន​សម្រាប់ Blogger


   ហេតុ​អ្វី​ប្លកករ​គួរតែ​ទិញ​​ប្រើ​ឈ្មោះ​អាសយដ្ឋាន (domain) ប្លក​ផ្ទាល់ខ្លួន? យើង​នឹង​និយាយ​រៀបរាប់​ពី​សារប្រយោជន៍​នៃ​ការ​មាន domain ផ្ទាល់ខ្លួន​ចំពោះ​ប្លក​ទាំងឡាយ។ តែ​ជា​ដំបូង​នេះ​សូម​និយាយ​ចំពោះ​គេហទំព័រ​បន្តិច​ថា រាល់​ការ​បង្កើត​ជា​គេហទំព័រ​តែងតែ​មាន​គម្រោង បង្កើត​ដើម្បី​រក​លុយ​ឬ​មិន​រក​កម្រៃ ដូច្នេះ​គេ​ត្រូវ​តែ​ទិញ domain (ឈ្មោះ​គេហទំព័រ) មិន​អាច​ប្រើ​របស់ Free បាន​ទេ និង​ទិញ​ស្តុក Hosting សម្រាប់​ដាក់​បង្ហោះ​គេហទំព័រ​នោះ គេ​មិន​អាច​ប្រើ Hosting ដែល Free បាន​ទេ​ព្រោះ​ងាយ​​ប្រឈម​នឹង​ការ​បិទ​ចោល​ដោយ​គ្មាន​ការ​តវ៉ា, domain សម្រាប់​គេហទំព័រ​គឺ​ជា​របស់​មិន​អាច​ខ្វះ​បាន​ជា​ដាច់ខាត ចុះ​ចំពោះ​ប្លក​ដែល​បង្កើត​ដោយ Free វិញ?។

សូម​អាន ៖ មើល​ពី​របៀប​ភ្ជាប់ Domain ជាមួយ Blogger [មាន​វីដេអូ]

៙ ការ​បង្កើត​ប្លក​មាន 2 ប្រភេទ​គឺ ៖ ទី​មួយ : ការ​បង្កើត​ដោយ​ចំណាយ​លុយ​ទិញ domain និង hosting ដែល​អាច​ប្រើ​ជាមួយ CMS បាន​ដោយ​ជម្រើស។ ចំណុច​នេះ​មិន​ខុស​ពី​ការ​បង្កើត​គេហទំព័រ​ទេ គ្រាន់តែ​ម្ចាស់​អ្នក​បង្កើត គេ​មិន​ហ៊ាន​តាំង​ខ្លួន​គេ​ថា​ជា​គេហទំព័រ ព្រោះ​គេ​យល់​ថា មិន​សូវ​មាន​អត្ថបទ​ជា​ប្រចាំ គ្មាន​ជំនាញ​ក្នុង​ការ​សរសេរ ប្រធានបទ​ផ្ទាល់​ខ្លួន (កំណត់ហេតុ​បុគ្គល) និង​ចម្លង​ពី​គេ​ជាដើម។

ទីពីរ : ការ​បង្កើត​ប្លក​បាន​ដោយ Free ដែល​ទទួល​បាន subdomain និង hosting ដែល​មាន​ប្រព័ន្ធ​ផ្សាយ​អត្ថបទ​មួយ​ដែល​មាន​​ដែន​កំណត់ និង​លក្ខខ័ណ្ឌ។ ប្លក​ភាគ​ច្រើន​សឹង​តែ 99% បង្កើត​ឡើង free ដោយ​ប្រើ​សេវាកម្ម​បង្ហោះ​ប្លក​ដូចជា Blogger.com, WordPress.com ជាដើម ឃើញ​ថា​ពិតជា​ងាយស្រួល​មែន​ទែន មិនបាច់​ចំណាយ មិន​បាច់​ថែទាំ ប៉ុន្តែ​ភាគ​ច្រើន​នៃ​អ្នក​បង្កើត​ប្លក មិន​ដឹង​ពី​គុណវិបត្តិ​នៃ​ការ​ប្រើប្រាស់ subdomain (ឈ្មោះ​អាសយដ្ឋាន​ប្លក​ដែល​ជ្រក​ក្រោម​ក្លៀក​គេ) ថា​វា​មាន​ផល​ប៉ះពាល់​ប៉ុណ្ណា​នោះ​ទេ!។ នៅ​ពេល​ដែល​អ្នក​ចាប់ផ្ដើម​បង្កើត​ប្លក​ជាមួយ​នឹង​ការ​ប្រើ subdomain ដែល​ឥត​គិត​ថ្លៃ​នោះ​គឺ​ជា​រឿង​ធម្មតា​ទេ តែ​បើ​ប្លក​របស់​អ្នក​មាន​គេ​ស្គាល់​ច្រើន ហើយ​នៅ​តែ​ប្រើ subdomain ទៀត​នោះ ធ្វើ​ឲ្យ​ប្លក​មិន​សូវ​ទទួល​បាន​ចំណូល​ទស្សនា​ខ្ពស់​ដូច​គេហទំព័រ​នានា​ឡើយ។ បើ​ចំពោះ​ការ​ស្វែងរក​អ្នកឧបត្ថម្ភ​គាំទ្រ ឬ​ចង់​ទទួល​ផ្សាយ​ពាណិជ្ជកម្ម​រក​លុយ​ខ្លះៗ​នោះ មិន​ងាយ​មាន​អ្នក​ណា​ហ៊ាន​ផ្សាយ​ផលិតផល​នៅ​តាម​ប្លក​ឡើយ ព្រោះ​គេ​គិត​ថា​មាន​អ្នក​ចូល​មើល​តិច។

    បើ​លោកអ្នក​គិត​ចង់​ប្រើ domian ផ្ទាល់ខ្លួន ដោយ​លែង​ជ្រក​ក្រោម​ឈ្មោះ​របស់​គេ​ទៀត​នោះ វា​មាន​សំនួរ​ខ្លះ​ដែល​អ្នក​ត្រូវ​គិត​ថា បន្ទាប់​ពី​យើង​ប្រើ domian ថ្មី​ តើ PageRank (សក្ដិ​ប្លក) ឬ Alexa (ជា​គេហទំព័រ​អ្នក​ចាត់​ចំណាត់​ថ្នាក់) អាច​បាត់បង់​ឬ​ធ្លាក់​ប្រជាប្រិយភាព​ក៏​អត់?។ ដូច្នេះដឹង​ចម្លើយ​នៃ​សំនួរ​ទាំងនេះ សូម​លោកអ្នក​អាន​នូវ​អ្វី​ដែល​បាន​សរសេរ​នៅ​ខាង​ក្រោម​នេះ ដោយ​ប្រុងប្រយ័ត្ន ថា​ហេតុ​អ្វី​បាន​ជា​អ្នក​គួរតែ​ទិញ domian ដែន​ផ្ទាល់​ខ្លួន​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

1. កិត្តិសព្ទ​ដោយ​ឯករាជ

   ការ​ធ្វើ​ឲ្យ​ប្លក​របស់​ខ្លួន​មាន​អាសយដ្ឋាន​ជា .com ឬ (.net, .org,...) គឺ​ជា​រឿង​ចាំបាច់​និង​ពេញ​និយម​ណាស់​ក្នុង​ពេល​ឥឡូវ​នេះ ព្រោះ​អ្នក​ណា​ក៏​គេ​អាច​មាន​លទ្ធភាព​ទិញ​ប្រើ​បាន​ដែរ, គ្មាន​អ្នក​ណា​គេ​ចង់​បាន​ពាក្យ your​blog​name.blogspot.com ឬ your​blog​name.wordpress.com នៅ​តោង​ជាប់​ឈ្មោះ​ប្លក​គេ គ្រាន់តែ​ថា​គេ​មិន​ទាន់​ដល់​ពេល​ដូរ ឬ​គេ​ខ្ជិល​ដូរ!។ មនុស្សម្នា​ឃើញ​តំណ​ប្លក (URL) អ្នក​មាន​ជា .com ដូច្នេះ​គេ ប្រាកដ​ជា​ទុក​ចិត្ត​និង​ចង់​ចូល​មើល។

2. សេវាកម្ម​ផ្ដល់​ការ​ដាក់​ផ្សាយ​ពាណិជ្ជកម្ម​ភាគ​ច្រើន​មិន​ទទួល​ស្គាល់ subdomain

  សេវាកម្ម​ដូចជា buysellads មិន​ទទួល​យក​ប្លក​ណា​ដែល​ប្រើ subdomain ទេ នេះ​មានន័យ​ស្មើ​នឹង​ការ​បាត់​បង់​ចំណូល​ដល់​ទៅ 50​% ក្នុង​ករណី​ប្លក​លោកអ្នក​គេ​អនុញ្ញាត​ឲ្យ​ដាក់​សេវា​ផ្សាយ​ពាណិជ្ជកម្ម​បាន​ នោះ។

3. Custom domains ធ្វើ​ឲ្យ​មាន​ការ​កើន​ឡើង​អ្នក​គាំទ្រ​និង​អ្នក​តាមដាន

   អ្នក​ប្រើ​អ៊ីនធឺណិត​ចូល​មើល​និង​តាមដាន​ប្លក​របស់​អ្នក តែ​នៅ​ពេល​ពួកគេ​ដឹង​ថា​ប្លក​អ្នក​ផ្ដល់​ជូន​នូវ​អ្វី​ដែល​ពួកគេ​មិន​មាន​តែ ​ប៉ុណ្ណោះ។ ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​បាន​ដឹង​ថា​អ្នក​ប្រើ​ដែន blogspot.com ពួក​គេ​អាច​នឹង​មើល​ស្រាល និង​ទម្លាក់​ការចាប់អារម្មណ៍​រាល់​មាតិកា​របស់​អ្នក ឬ​ក៏​លែង​ខ្វល់​ពី​ប្លក​យើង​ដោយសារ​គេ​គិត​ថា​យើង​មិន​មែន​ជា​អ្នក​ជំនាញ។ មនុស្ស​ភាគ​ច្រើន​ឲ្យ​តម្លៃ​ត្រង់ .com ឬ .org ដែល​ពួក​គេ​គិត​ថា​ជា​ជា​តំបន់​បណ្ដាញ​មមាញឹក ជា​ប្រភព​គួរឲ្យ​តាមដាន ដែល​មាន​មនុស្ស ឬ​ក្រុម​នៅ​ចាំ​សរសេរ​អត្ថបទ​ជា​ប្រចាំ។ តែ​ការ​ទិញ Custom domain យក​មក​ប្រើ​ជាមួយ​ប្លក​ដែល​មិន​សូវ​មាន​អត្ថបទ​សោះ គឺ​ជា​រឿង​ធ្ងន់ធ្ងរ​និង​ចំណាយ​លុយ​ទទេៗ ដូច្នេះ​អ្នក​ត្រូវ​ពិចារណា​ដោយ​ខ្លួន​ឯង​ថា​ត្រូវ​ចំណាយ​លុយ​រាល់​ឆ្នាំ​ ដោយសារ​តែ​ឈ្មោះ​ប្លក​ដែរ​ឬ​ទេ?

4. ទាក់ទាញ​ឲ្យ​មនុស្ស​ចង់​ចែករំលែក​និង​ចំណាំ​ឈ្មោះ​ប្លក​យើង

   បន្ទាប់ពី​បាន​ដឹង​ខ្លះៗ​អំពី​ឥទ្ធិពល​នៃ Custom domains, ពួក​អ្នក​ចូល​ទស្សនា​ប្រាកដ​ជា​ពេញ​ចិត្ត​និង​មិន​ស្ទាក់ស្ទើរ​ក្នុង​ចែក​ រំលែក​រាល់​អត្ថបទ ដែល​មាន​ក្នុង​ប្លក​ទៅ​កាន់ មិត្តភ័ក្ដិ និង​ក្រុម​គ្រួសារ​របស់​គេ​ឡើយ។ ពួកគេ​នឹង​មាន​ទំនុក​ចិត្ត​ចំណាំ​ប្លក​អ្នក​ទុក និង​ទស្សនា​វា​ជា​ញឹកញាប់​ដើម្បី​ទទួល​បាន ចំណេះដឹង​បន្ថែម​ទៀត​ដោយសារ​តែ​ពួកគេ​គិត​ថា​រាល់​អត្ថបទ​ដែល​គេ​បាន​អាន​គឺ ​កើត​ចេញ​ពី​អ្នក​ចេះ អ្នក​ជំនាញ។ ហើយ​មូលហេតុ​មួយ​ទៀត​នោះ​គឺ subdomains មិន​សូវ​ទាក់ទាញ​អ្នក​ចូល​មើល​ប្លក​ពី​បណ្ដាញ​សង្គម​ដូចជា Facebook ឡើយ។

5. PageRank កើន​ឡើង​យឺត​ដោយសារ subdomains

   ការ​ប្រើ​ប្រាស់​ដែន blogspot មាន​ន័យ​ថា​ឱកាស​ដែល​ទទួល​បាន backlinks (ការ​ចូល​តាម​តំណ​ត្រឡប់​មក​វិញ) ទាប​បំផុត​សម្រាប់​អ្នក​។ បើ​ទោះ​ជា​ប្លក​របស់​យើង​មាន​អត្ថបទ មាន​អ្នក​ចូល​មើល​ច្រើន​យ៉ាងណា ក៏​កម្រិត​សក្ដិ​ដែល​ទទួល​បាន​គឺ​ជា Blogspot មិន​មែន​ប្លក​របស់​យើង​ទេ ក៏​ព្រោះ​តែ​យើង​ជ្រក​ក្រោយ​ផ្លាក Blogspot។

6. អ្នក​គ្រាន់តែ​ត្រូវ​ការ​ទិញ domain មិន​បាច់​ទិញ Hosting ទេ

   នៅ​ពេល​ដែល​អ្នក​ទិញ domain មួយ​សម្រាប់​ប្លក​របស់​អ្នក​គឺ​គ្រប់គ្រាន់​ហើយ មិន​ដល់​ថ្នាក់​ទិញ Hosting នាំ​ឲ្យ​អស់​លុយ​រាល់​ឆ្នាំ​ឡើយ គឺ​អស់​ត្រឹម​ថ្លៃ domain បាន​ហើយ។ ជា​សំណាង​ល្អ​សម្រាប់​អ្នក​ប្រើ Blogger ព្រោះ​តែ​វា​មិន​សូវ​កំហិត ធូររលុង អាច​ឲ្យ​យើង​ចែករំលែក​របស់​ដែល​ជាប់​កម្មសិទ្ធិបញ្ញា​បាន ដូច្នេះ​យើង​មិន​ភ័យ​ខ្លាច​គេ​បិទ​ប្លក​យើង​នោះ​ទេ។ តែ​ផ្ទុយ​ទៅ​វិញ ​ចំពោះ​អ្នក​ប្រើ Wordpress ដោយ​មិន​អស់​លុយ​ដែល​នោះ គឺ​មាន​ការ​ពិបាក​ក្នុង​ការ​សរសេរ​អត្ថបទ​បែប​វាយប្រហារ ចែករំលែក​របស់​ដែល​ខុស​ច្បាប់​កម្មសិទ្ធិ ជាដើម គឺ​មាន​ការ​ប្រឈម​ខ្ពស់​បំផុត ងាយ​នឹង​ត្រូវ​គេ​រាយការណ៍​បិទ​ប្លក​យើង​ណាស់ កន្លង​មក​មាន​ប្លក​ខ្មែរ​ជា​ច្រើន​ដែល​ប្រើ​សេវាកម្ម​ Wordpress ត្រូវ​បាន​បិទ​ដោយ​គ្មាន​ប្រាប់​មួយ​ម៉ាត់។ នេះ​ហើយ​ជា​ហេតុផល​មួយ​ក្នុងចំណោម​ហេតុផល​ដ៏​ធំ​បំផុត ហេតុ​អ្វី​បាន​ជា​គេ​ចូលចិត្ត Blogger ជាង WordPress ។

7. Ranking (សក្តិ​ប្លក) កើន​ឡើង​លឿន

   នៅ​ពេល​មាន​គេ​ចុច​ចូលចិត្ត និង​ចែករំលែក​អត្ថបទ​ប្លក​កាន់តែ​ច្រើន​ឡើង, ចំណាត់​ថ្នាក់ SERPs ដែល​ជា​ម៉ាស៊ីន​ស្វែងរក​ទំព័រ​លទ្ធផល​របស់​អ្នក​នឹង​កើន​ឡើង​ដែរ មាន​ន័យ​ថា​ម៉ាស៊ីន​ស្វែងរក​ដូចជា Google ឬ Bing នឹង​បង្ហាញ​ប្លក​របស់​អ្នក​មុនគេ​នៅ​ពេល​មាន​អ្នក​ស្វែងរក​អ្វី​មួយ​ដែល​ ទាក់ទង។ ចូរ​ចាំ​ថា ការ​ដាក់​ប៊ូតុង​ចែក​រំលែក​របស់​បណ្ដាញ​សង្គម​ឲ្យ​បាន​ច្រើន​ប្រភេទ សក្តិ​ប្លក​របស់​អ្នក​ទៅ​កាន់​តែ​ខ្ពស់។

8. PageRank នឹង​មាន​ស្ថេរ​ភាព​នៅ​ថ្ងៃ​បន្ទាប់ PR ធ្វើ​ឱ្យ​ទាន់​សម័យ

   ប្លក​ភាគ​ច្រើន​មាន PageRank ធំជាង 2 បើ​គេ​មិន​ហ៊ាន​ផ្លាស់ប្ដូរ domain ថ្មី​តាម​តែ​ចិត្ត​គេ​ចង់​ផ្លាស់​ទេ ព្រោះ​ពួក​គេ​បារម្ភ​ថា​ប្លក​ពួក​គេ​នឹង​បាត់បង់ PageRank។ មិន​បាច់​សង្ស័យ​ទេ កាលណា​យើង​ផ្លាស់ប្ដូរ domain ប្រាកដ​ជា​បាត់បង់ តែ​ការ​បាត់បង់​នេះ​ជា​បណ្ដោះអាសន្ន​ទេ។ នៅ​ពេល​ដែល​ robots ខាង​ក្នុង​ម៉ាស៊ីន Google ចាប់​បាន​ទីតាំង​តំណ​ប្ដូរ​ទិស​ទាំង​អស់​របស់​អ្នក, PageRank ថ្នាក់​ប្លក​របស់​អ្នក​នឹង​ត្រូវ​បាន​ផ្ដល់​ត្រឡប់​មកវិញ នៅ​ពេល​គេ​បន្ទាប់​សម័យ PageRank។ ឧទាហរណ៍ PR របស់​ខ្ញុំ​បាន​ធ្លាក់​ចុះ​ដល់​សូន្យ បន្ទាប់​ពី​ផ្លាស់ប្ដូរ Custom domain បាន​ប្រហែល 3 ខែ​កន្លង​មក PR បាន​ឡើង​ទៅ 2 វិញ​បន្ទាប់ Google បន្ទាប់​សម័យ PR ដូច្នេះ​មាន​ន័យ​ថា ខ្ញុំ​ទទួល​បាន PR ត្រឡប់​មក​វិញ។

9. ធ្វើ​ឲ្យ​អាជីវកម្ម​រីក​ចម្រើន

   នៅ​ពេល​ប្លក​របស់​អ្នក​បាន​ទាក់ទាញ​ចរាចរ​និង​ចង​សម្ព័ន្ធ​ជាមួយ​គេ​ស្គាល់​ ច្រើន​ហើយ​នោះ អ្នក​អាច​បើក​ទទួល​អត្ថបទ​ពី​អ្នក​ចូល​មើល​ប្លក​ដែល​គេ​ចង់​ចែករំលែក ឬ​ទិញ​អត្ថបទ​ពី​គេ ទទួល​ផ្សាយ​ផលិតផល ដាក់​លក់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ប្លក ដែល​អាច​រក​ប្រាក់​បាន​ទាំង​ថ្ងៃ​និង​យប់​។ អ្នក​ឧបត្ថម្ភ​នឹង​ផ្សព្វផ្សាយ​ប្លក​យើង​បើ​គេ​ទុកចិត្ត​គុណភាព​ចរាចរណ៍​ របស់​ប្លក​យើង​ថា​បាន​មក​ដោយ​ត្រឹមត្រូវ មិន​មែន​ប្រើ​កម្មវិធី​ក្លែង។

10. domains ធម្មតា​មួយ​មិន​ដល់ 10 ដុល្លារ​ទេ

   ឥឡូវ​នេះ​អ្នក​អាច​ទិញ domain មាន​តម្លៃ​ទាប​ជាង7.5$ ពី Godaddy!, ខ្ញុំ​គិត​ថា​លុយ​ត្រឹម 10$ អ្នក​អាច​មាន​លទ្ធភាព​គ្រប់ៗ​គ្នា ព្រោះ​បើ​លោកអ្នក​មាន​លុយ​បង់ថ្លៃ​អ៊ីនធឺណិត ដូច្នេះ​ត្រឹម 10$ ឬ 15$ ក្នុង​មួយ​ឆ្នាំ ប្រាកដ​ជា​មាន​លទ្ធភាព។ គ្រាន់តែ​ត្បិតត្បៀត​ចាយវាយ​រិះ​ថាំ តែ​មួយ​រយៈ​គឺ​អាច​ទិញ​បាន​ហើយ។

   តើ​នៅ​គិត​អី​ទៀត? អត់​ដឹង​ពី​របៀប​ទិញ? បើ​បងប្អូន​ណា​ដែល​ធ្លាប់​ទិញ domain យក​ប្រើ​ជាមួយ Blogger នោះ​សូម​ចូល​រួម​មតិ បង្ហាញ​ផ្លូវ​ខ្លះៗ​ដល់​អ្នក​ដែល​មិន​ទាន់​បាន​ដឹង​ផង ឬ​ក៏​ផ្ដល់​ជា​លេខ​ទូរស័ព្ទ​ទំនាក់ទំនង​ជាមួយ​អ្នក​លក់ domain ផង​បាទ។ ចំពោះ​ខ្ញុំ​ក៏​មិន​ទាន់​ដឹង​ពី​របៀប​ទិញ​នៅ​ឡើយ​ទេ។