Published: Tuesday, 07 January 2014
Written by: Chan Virak Singha
មហោរី គឺជាគ្រឿងភ្លេង ដេញ ដំ ផ្លុំ កូត មួយវង់គ្រប់ប្រដាប់ ( ភ្លេងខ្សែ ) ខ្មែរច្រើនហៅចំពោះតែភ្លេងខ្សែសម្រាប់លេងថ្វាយក្សត្រ ។
ភ្លេងមហោរីមានប្រភពចេញពីចរន្តអ្នកប្រាជ្ញទាំងឡាយ
ដែលនៅជុំវិញរាជាមានទំនាក់ទំនងផ្សាភ្ជាប់ទៅនឹងការសប្បាយផ្សេងៗ
តាមចំណងចំណូលចិត្តរបស់អ្នកមានឋានៈខ្ពង់ខ្ពស់ ( ស្តេច‑នាម៉ឺន‑មន្ត្រី ) នៅក្នុងសង្គមកម្ពុជាតាំងពីយូរលង់មកហើយ ។ វង់ភ្លេងនេះចាត់ទុកថាជាវង់ភ្លេងសំនៀងស្រាល ឬ វង់ភ្លេងអ្នកប្រាជ្ញ ។
ដើម្បីស្គាល់វង់ភ្លេងមហោរី តោងស្គាល់ចិត្តគំនិតរបស់តន្ត្រីករនៅក្នុងប្រវត្តិសាស្ត្រមួយ
ភូមិសាស្ត្រមួយ ជីវសាស្ត្រមួយ ប្រជាសាស្ត្រមួយ កាលវេលាមួយ និង បរិយាកាស
រស់នៅមួយជាកំណត់ ។ អ្នកប្រាជ្ញខាងតន្ត្រីមហោរីមានទឹកចិត្តមធ្យម ទន់ ឬ
រឹងយ៉ាងល្មមបែបជាសម្របនិយម តាមកាលៈទេសៈតាមសង្គមបរិយាស
។តាមរយៈប្រវត្តិសាស្ត្រយើងឃើញថា
ក្រោយសម័យមហានគររាជាខ្មែរពុំសូវមានឳកាសធ្វើនយោបាយឯករាជ្យដឹកនាំ
ប្រទេសជាតិតាមបែបស្វ័យគ្រប់គ្រង
បានយូរអង្វែងឡើយគឺច្រើនតែបរទេសធ្វើអាណានិគមពីលើ ។
ប៉ុន្តែរាជាខ្មែរមានឳកាសធ្វើការងារវប្បធម៌ច្រើនជាងការងារនយោបាយ ។
តាមប្រភពភូមិសាស្ត្រយើងឃើញថា
ជ្រោយសុវណ្ណភូមិជាទឹកដីសំបូរណ៍បែបទៅដោយសម្បតិ្តធម្មជាតិ និង
ធាតុអាកាសអំណោយផលជាទីបំផុត ដល់ដំណាំកសិកម្មមាន ភ្នំ ព្រៃឈើ បឹងបួរ អូរ
ស្ទឹង ទន្លេ សមុទ្រ និង សម្បត្តិធម្មជាតិបែបនេះ
ជាកត្តាធ្វើឲ្យប្រជាជនជាពិសេសអ្នកប្រាជ្ញខាងតន្ត្រី
មានចិត្តគំនិតមិនខ្វល់ពីជីវភាពរស់នៅរបស់ខ្លួនឡើង ។
តាមប្រភពជីវសាស្ត្របញ្ជាក់ឲ្យឃើញថា ខ្មែរមានពូជអំបូរ និង ឈាមជ័រខ្មែរ‑មន
ជាពូជមានប្រាជ្ញឆ្លាតវាងវៃ ពូកែចងចាំក្នុងចិត្តជាងជនជាតិដទៃក្នុងតំបន់
។តាមប្រភពប្រជាសាស្ត្រជាក់ស្តែងគឺ
ប្រជាជនខ្មែរមានចំនួនតិចទឹកដីធំធម្មជាតិអំណោយ
ផលធ្វើឲ្យខ្មែរមានចិត្តទូលាយរាក់ទាក់ ទទួលភ្ញៀវ ចិត្តស្មោះត្រង់
ឧស្សាហ៍ព្យាយាម
ដែលបានបញ្ចេញមកតាមរយៈបទភ្លេងបទច្រៀងមហោរីទាំងឡាយច្រើនមានលក្ខណៈ
បញ្ចាក់ពីសន្តានចិត្តខាងលើនេះ ។
តាមប្រភពកាលវេលា
ឃើញថាអ្នកប្រាជ្ញខាងតន្ត្រីមានសេរីភាព
មានឳកាសច្រើនក្នុងការកសាងស្នាដៃនិពន្ធបទភ្លេង និង
ច្រៀងមហោរីព្រោះអ្នកប្រាជ្ញទាំងនោះនៅជាប់នឹងរាជា
ហើយមានសិទ្ធមានឳកាសធ្វើតែការងារវប្បធម៌ក្នុងរាជវាំង ឬ
រាជធានីច្រើនជាងការងារនយោបាយ ។ ដូច្នេះហើយបានជាកេរ្ត៍មរត៌កវប្បធម៌
សិល្បៈពិសេសបទភ្លេង
បទច្រៀងមហោរីមានច្រើនសន្ធឹកសន្ធាប់ណាស់ដែលយើងកំពុកតែប្រើប្រាស់វាក្នុង
ពេលបច្ចុប្បន្នដើម្បីបំពេញសេចក្តីត្រូវការខាងជីវភាពស្មារតីសង្គម ។
តាមប្រភពនិយាយតៗ របស់តន្ត្រីករចាស់ៗក្នុងព្រះបរមរាជវាំងពីជំនាន់មួយទៅជំនាន់
មួយដូចជាប្រសាសន៍របស់ ឃុន អក្ខរា ពិណពាទ្យ សូ អិន
ក្រុមភ្លេងព្រះរាជទ្រព្យជំនាន់មុន បានប្រាប់តមកលោក ឧកញ៉ាមហាធិបតី មាស ឌី
ប្រធានក្រុមភ្លេងព្រះរាជទ្រព្យ ហើយឃុន មាស ឌី បានមានប្រសាសន៍ក្នុងឆ្នាំ
១៩៦៥ ថា : “ វង់ភ្លេងមហោរីខ្មែរ
មានកំណើតតាំងពីចុងសម័យមហានគរ ហើយរីកចម្រើនខ្លាំងក្នុងសម័យសង្វែក ។
មុនសម័យលង្វែកមានវង់ភ្លេងមួយបែបហៅថា មហោរីពិណពាទ្យ ( មហោរីប៉ីពាទ្យ ) ដែលជាវង់ភ្លេងបំបែកខ្លួនចេញពីវង់
ភ្លេងការ និង វង់ភ្លេងពិណពាទ្យ ។ វង់ភ្លេងមហោរីពិណពាទ្យនោះប្រគំដោយប្រុសៗ
សុទ្ធសាធច្រើនប្រគំបទភ្លេងពិណពាទ្យទៀតផង ។
ក្រោយសម័យសង្វែកមានក្រុមនារីសុទ្ធជាអ្នកប្រគំវង់ ភ្លេងមហោរី ពិណពាទ្យនោះវិញ
ហើយថែមទាំងមាននារីជាច្រើនជាអ្នកច្រៀង មានសំនៀងដ៏ពីរោះដូចសត្វស្លាប
ម្យ៉ាងឈ្មោះសត្វ ណូរី ( នោរី ) ។
វង់ភ្លេងក្រុមនារីបែបខាងលើនេះបានរីករាល
ដាលពេញផ្ទៃវាំងព្រមទាំងតាមផ្ទះនាម៉ឺនធំៗជុំវិញវាជា ។
ជាប្រចាំឆ្នាំគេតែងតែធ្វើមហោស្រព
វង់តន្ត្រីប្រភេទនោះសម្រាប់ជ្រើសរើសក្រុមពូកែចំណានៗបញ្ចូលក្នុងក្រុមភ្លេងរបស់រាជា
។ មហោស្រពវង់ភ្លេងនារីចេះតែល្បីឡើងៗពីមួយឆ្នាំ
ធ្វើឲ្យមហោជនគ្រប់មជ្ឃដ្ឋានក្នុងសង្គមកាន់តែយកចិត្តទុកដាក់ខ្លាំងឡើងៗ ។
ពាក្យថាភ្លេងមហោរីទំនងជាពាក្យយារ មកពីពាក្យណូរី ( នារី ) ។ វង់ភ្លេងមហោរីនេះអ្នក ប្រគំក៏ស្រី អ្នកច្រៀងក៏ស្រី មានសំនៀងពីរោះប្រៀបបាននឹងសំនៀងសត្វ ណូរី ( នារី ) ។
សត្វណូរី ជាបក្សីមួយប្រភេទមានសម្បុរក្រហមមានរូបស្រដៀងនឹងសេកសោម
ចូលចិត្តស៊ីផ្លែជ្រៃជាអាហារ ។ មានបទមហោរីឈ្មោះមួយថា “ ឳសត្វមហោរី “ ( ឳសត្វមហោរីយំស៊ីផ្លែជ្រៃ ) កាលពីមុនប្រហែលមានឈ្មោះថា “ ឳសត្វណូរី “ ( ឳសត្វណូរីយំស៊ីផ្លែជ្រៃ ) ។ តាមការពិតសត្វឈ្មោះមហោរីគ្មានទេ ក្នុងចំណោមសត្វស្លាបទាំងឡាយនៅកម្ពុជា មានតែសត្វណូរីនេះឯង ។
លោក ឧកញ៉ា ឈឹម
ក្រសេម បានសរសេរទុកថា
គ្រឿងតូរ្យតន្ត្រីរបស់ខ្មែរយើងដែលលេងសព្វថ្ងៃនេះបានបែបមកពីប្រទេសឥណ្ឌា
តាំងពីសម័យព្រេងនាយរហូតដល់មកសម័យក្រោយវិជ្ជាតូរ្យតន្ត្រី និង
បែបគ្រឿងតូរ្យតន្ត្រីរបស់ខ្មែរបានផ្សាយចេញទៅប្រទេសសៀមក្នុងសម័យក្រុង
ស្រីអយុធ្យា គឺក្នុរវាង ព.ស. ១៨៩៣‑២៣១០ ។
ការផ្លាស់ប្តូរពាក្យពីមនោហារី
ឬ ណូរីមកជាមហោរីបែបនេះ
ប្រហែលជាអ្នកស្រុកនិយមចូលចិត្តសម្រួលទៅតាមភាសានិយាយ ដូចជាមានឈ្មោះ ភូមិ
ឃុំស្រុក
ខេត្តជាច្រើនដែល
ខ្មែរពីជំនាន់ទៅជំនាន់មួយនាំគ្នាផ្លាស់ប្តូរឈ្មោះបំភ្លេចឈ្មោះចាស់ដាក់ឈ្មោះថ្មី
។ មានដើមឈើខ្លះមានឈ្មោះផ្សេង
ប៉ុន្តែខ្មែរបែរជានាំគ្នាហៅឈ្មោះដើមឈើនោះផ្សេងៗទៅវិញ ដូចជាដើមចាមរី
សព្វថ្ងៃខ្មែរនាំគ្នាហៅថា ដើមអំពិលបារាំង ។ មានបទភ្លេងខ្លះដូចជា
បទកុកគ្រោង ១ ជាន់ សព្វថ្ងៃនាំគ្នាហៅថា បទកន្តុបម៉ែមួយ ។
វង់ភ្លេងមហោរី ( មហោរីពិណពាទ្យ ) មានកំណើតបែបចេញពីវង់ភ្លេងពីរគឺ
វង់ភ្លេងការបុរាណ និង វង់ភ្លេងពិណពាទ្យ ។ ឧបករណ៍ភ្លេងមានខ្សែ
បំបែកចេញពីវង់ភ្លេងការបុរាណ ឧបករណ៍ភ្លេងគោះ ដំ បំបែកចេញពីភ្លេងពិណពាទ្យ ។
វង់ភ្លេងមហោរីមានការវិវឌ្ឍន៍ពីសម័យមួយទៅសម័យមួយ ពីកន្លែងមួយទៅកន្លែងមួយ ដោយគ្មានការកំណត់ច្បាស់លាស់ដូចជា :
ទី ១: វង់ភ្លេងមហោរីដំបូងមានឧបករណ៍ ទ្រខ្មែរ១ , ចាប៉ីដងវែង១ , ខ្លុយ១ , ស្គរថូន ១ , ស្គររមនា ១ និង ឈិង ១ គូ ។
ទី ២: មានឈ្មោះថា មហោរីគ្រឿងពិណពាទ្យ មានឧបករណ៍ ទ្រខ្មែរ១ , តាខេ១ , ខ្លុយ១ , រនាតឯកមាស១ , ( រនាតថោង ) រនាតឯកផ្លែប្ញស្សីធម្មតា ១ រនាតឯកតូចបំផុត ១ គងវង់ធំ ១ គងវង់តូច ១ , ស្គរថូន ១ , និង ឈិង ១ គូ ។
ទី ៣ : មានឈ្មោះថាមហោរីគ្រឿងខ្សែមានឧបករណ៍ ទ្រខ្មែរ ១ , តាខេ ១ , ខ្លុយ ១, ចាប៉ី ១ , ទ្រអ៊ូ ១ , ទ្រឆេ ១ , រនាតឯកផ្លែប្ញស្សី ១ , រនាតធុង ១ , គងវង់តូច ១ , ស្គរថូន ១ , ស្គររមនា ១ និង ឈិង ១ គូ ។
ទី ៤: មានឈ្មោះថាវង់ភ្លេងប៉ីកែវ ឬ ក្រុមមហោរីព្រះរាជទ្រព្យ មានឧបករណ៍ រនាតឯក១ រនាតធុង ១ , តាខេតូច ១ , តាខេធំ ១ , ខ្លុយ ១ , ទ្រអ៊ូ ១ , ចាប៉ីដងវែង ១ , ទ្រធេអ៊ូ ១ , ទ្រធេសោ ១ ស្គរដូចស្គរអារក្ស ១ , ស្គរថូន ១ , ស្គររមនា ១ , ក្រាប់ភួង ១ និង ឈិង ១ គូ ។
ទី ៥ : មានឈ្មោះថាវង់ភ្លេងមហោរីវង់ធំ មានឧបករណ៍ រនាតឯក ១ , រនាតធុន ១ , តាខេធុង ១ , តាខេតូច ១ , តាខេធំ ១ , ខ្លុយតូច ១ , ទ្រអ៊ូ ១ , ទ្រសោធំ ១ , ទ្រសោតូច ១ , ទ្រធេអ៊ូ ១ , ស្គរថូន ១ , ស្គររមនាក្រាប់ភួង ១ និង ឈិង ១ គូ ។
ទី ៦ : មានឈ្មោះថាមហោរីច្នៃរ
មានបន្ថែមឧបករណ៍ ឃឹមតូច ឃឹមធំ យកពីវង់ភ្លេងបាសាក់ និង
ឧបករណ៍ភ្លេងអឺរ៉ុបមួយចំនួនតាមចំណូលចិត្តដូចជា អាក់គ័រដែអុង ហ្គីតា វីយូឡុង
សាក់សូ អាម៉ូនីញ៉ម ។ល។ វង់ភ្លេងមហោរីច្នៃគឺ សំដៅតែវង់ភ្លេងនោះមានឧបករណ៍
ភ្លេងអឺរ៉ុបលាយចម្រុះនឹងឧបករណ៍ភ្លេងខ្មែរប្រគំចូលគ្នា
មិនមែនសំដៅលើបទភ្លេងទេ ។
សារៈសំខាន់របស់ភ្លេងមហោរី
ភ្លេងមហោរីជា
ប្រភេទភ្លេងមានសំនៀងស្រាល ព្រោះតែវង់ភ្លេងនេះប្រើឧបករណ៍ខ្សែ ឧបករណ៍ផ្លុំ
និង ឧបករណ៍គោះ ដំ
ដោយអន្លួងទន់ដែលសុទ្ធតែឧបករណ៍ភ្លេងមានសំនៀងតិចហើយស្រាលមិនដូចឧបករណ៍ភ្លេង
ប្រើក្នុងវង់ភ្លេងពិណពាទ្យ ដែលប្រើសុទ្ធតែអន្លូងរឹង និង
មានសំនៀងខ្លាំងហើយធ្ងន់ ។
តាំងពីដើមរហូតដល់បច្ចុប្បន្ននេះវង់ភ្លេងមហោរី មានសារៈសំខាន់តែក្នុងពិធីកម្សាន្តសប្បាយដូចជាពិធីជប់លៀង ពិធីបុណ្យចុះផែរបស់វាជា ( សក្រវាចុះផែ ) ពិធីសំដែងល្ខោនមហោរី និង ពិធីជូនរបាំតូចតាច ។
បទភ្លេងបហោរីស្ទើរតែភាគច្រើន
ជាបទកំដរចម្រៀង ។ បទចម្រៀងមហោរីច្រើនតែជាបទផ្តោះផ្តងស្នេហា
ដែលមានលក្ខណៈទន់ភ្លន់ តំអែតំអូញ ថ្នាក់ថ្នមលួងលោម
ច្រើនជាងលក្ខណៈស្វាហាប់ម៉ឺងម៉ាត់ ។
បទភ្លេង និង
ចម្រៀងមានលក្ខណៈទន់ភ្លន់បែបនេះ
មកពីវង់ភ្លេងនេះមានកំណើតក្នុងកាលៈទេសៈក្រោយអរិយធម៌អង្គរ
ក្នុងពេលដែលប្រទេសជាតិស្ថិតនៅក្នុងសភាពអន់ថយគឺ អន់ថយទាំងវិស័យនយោបាយ
ទាំងវិស័យសង្គម ទាំងវិស័យសេដ្ឋកិច្ច ទាំងវិស័យសាសនា ។
សមាជិកក្នុងសង្គមមានសិទ្ធធ្វើតែវប្បធម៌សមស្របតែប៉ុណ្ណោះ ។
ពិសេសទៅទៀតវង់ភ្លេងមហោរីនេះបានកើតឡើង និង ថែរក្សាដោយក្រុមអ្នកមានឋានៈ
ខ្ពង់ខ្ពស់ សម្រាប់បម្រើតែសេចក្តីសប្បាយក្នុងពេលទំនេរពីការងារប្រទេសជាតិ
។
តាំងពីដើមរៀងរហូតមកដល់បច្ចុប្បន្ននេះ
វង់ភ្លេងមហោរីនៅពុំទាន់មានឥទ្ធិពលខ្លាំងក្លាក្នុងចំណោមប្រជាជននៅឡើយទេ ។
ប្រជាជននៅតាមជនបទស្រែសម្ការ
កម្រមានវង់ភ្លេងមហោរីក្នុងភូមិស្រុករបស់ខ្លួនបានត្រឹមត្រូវណាស់
ពីព្រោះវង់ភ្លេងមហោរី
នេះមិនសូវសមស្របទៅនឹងតម្រូវការចាំបាច់ក្នុងជីវិតរបស់ពួកគាត់
ដូចវង់ភ្លេងការ ឬ វង់ភ្លេងពិណពាទ្យឡើយ ។ ប្រជាជនមានចំណូលចិត្តតែលើបទភ្លេង
និង ចម្រៀងមហោរីខ្លីៗសម្រាប់ប្រគំស្តាប់កម្សាន្ត
តាមរយៈវង់ភ្លេងការសម័យទំនើប ឬ តាមរយៈរង់ភ្លេងអាយ៉ៃ ឬ តាមរយៈវង់ភ្លេងល្ខោន
បាសាក់តែប៉ុណ្ណោះ ។ មានបទមហោរីធំៗ វែងៗ
ជាច្រើនរយបទដែលប្រជាជនពុំអើពើយកចិត្តទុកដាក់ក្នុងការ រៀនសូត្របន្តឡើយ ។
បទធំៗ វែងៗ ភាគច្រើនជាសាច់បទស្រទន់ពីរោះ
ហាក់ដូចជាទន់ជ្រាយប៉ុន្តែក្នុងបទទាំងនោះដូនតាយើងបានបង្កប់នូវចរិតរឹងប៉ឹង
ស្វាហាប់ រើបម្រះ តស៊ូ ដោយយកបញ្ញវប្បៈធ្វើជាអាវុធផងដែរ
ពីព្រោះកម្លាំងបាយត្រូវបានទ្រុឌទ្រោម និង កៀបសង្កប់ ។
របៀបប្រគំភ្លេងមហោរី
ការប្រគំភ្លេងមហោរីកំដរក្នុងបរិយាកាសធម្មតាណាមួយ តាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ននេះ ត្រូវប្រគំបទឲ្យរ៉េតបទដទៃទៀត ។ បទឲ្យរ៉េត ( អាយុយឺនយូរ ) គឺជាបទប្រចាំវង់ភ្លេងមហោរី សម្រាប់ពិធីបួងសួងរំលឹក គុណគ្រូ ។ បទនេះប្រគំបានតែម្តងទេក្នុងពិធីប្រគំបទភ្លេងមហោរីម្តងៗ ។
ការប្រគំបទភ្លេងមហោរី
ត្រូវប្រគំឡើងចេញឧបករណ៍ រនាតឯកជាអ្នកនាំមុខបញ្ចេញបទភ្លេងមុនគេបង្អស់
ប៉ុន្តែជួនកាលគេអាចឲ្យទ្រសោតូចផ្តើមចេញបទមុនគេ ក៏មានម្តងម្កាលដែរ ។
ប្រសិនបើការប្រគំមានច្រៀងផងនោះ ការចាប់ផ្តើមបទភ្លេង
ត្រូវប្រែប្រួលទៅតាមសាច់បទនៃចម្រៀង ។ បទចម្រៀងខ្លះត្រូវភ្លេងចាប់ផ្តើមមុន
បទចម្រៀងខ្លះទៀតច្រៀងចាប់ផ្តើមបទមុនភ្លេង ។ បទនេះចម្រៀងវែងភ្លេងទទួលខ្លី
បទខ្លះចម្រៀងខ្លីភ្លេងទទួលវែង បទខ្លះចម្រៀងខ្លីភ្លេងទទួលវែង
ប៉ុន្តែរាល់ការបញ្ចប់គឺ សុទ្ធតែភ្លេងជាអ្នកបញ្ចប់ ។
ក្នុងការប្រគំម្តងៗ គេច្រើនតែយកឧបករណ៍ភ្លេងមួយមុខយកមួយចូលរួមប្រគំ ពីព្រោះអ្នកភ្លេងខ្លាចប៉ះទង្គិចគ្នាដល់ការបញ្ចេញទឹកដៃ ( ផ្លូវ ) របស់គេម្នាក់ៗ
។ ក្នុងចំណោមឧបករណ៍ភ្លេងទាំងអស់ អ្នកភ្លេងត្រូវប្រកាន់ផ្លូវ ដើររនាតឯក
មិនតាមលក្ខណៈនៃឧបករណ៍នីមួយៗ ដូចផ្លូវដើររបស់រនាតធុង ផ្លូវដើររបស់ខ្លុយ
មិនដូចផ្លូវដើររបស់តាខេ ។ល។ ពេលប្រគំម្តងៗអ្នកភ្លេងច្រើនតែប្រើល្បិច
ក្នុងការបំភ្លៃបង្វែងដានគ្នាទៅវិញធ្វើឲ្យម្នាក់ៗ
ស្ថិតនៅក្នុងការប្រុងប្រយត័្ន ។ អ្នកភ្លេងមហោរីម្នាក់ៗ
ត្រូវតែប្រឹងពង្រីកសមត្ថភាពបច្ចេកទេស និង
ការចងចាំក្នុងខ្លួនឲ្យកាន់
ខ្លាំងរឹងមាំឡើងដើម្បីទ្រាំទ្របានក្នុងការប្រគំ
ពីការចាប់ផ្តើមរហូតដល់ទីបញ្ចប់ចៀសវាងចាញ់គេនៅពាក់កណ្តាលបទ ។
អ្នកភ្លេងក្នុងវង់ជាមួយគ្នាគឺជា អ្នកស្គាល់ចិត្តថ្លើមគ្នាទៅវិញ
ទៅមកពុំសូវប្រគំបំបាក់មុខមាត់គ្នាឡើយ
។ ប្រសិនបើមានអ្នកភ្លេងក្នុងវង់ភ្លេងផ្សេងៗម្នាក់ ឬ ពីរនាក់
ទៅចូលរួមប្រគំក្នុងក្រុមដទៃនោះ
ការប្រគំពិតជាស្ថិតក្នុងល្បិចកេវកុងគ្នាទៅវិញទៅមក
ដើម្បីបំបាក់គ្នាលើខាងបច្ចេកទេស លើការចង់ចាំស្ទាត់ជំនាញ
លើទេពកោសល្យរហូតដល់មានចម្លើយសារភាព ចាញ់ឈ្មះទៀតផង ។
នៅក្នុងការប្រគំកំដរពិធីសប្បាយណាមួយ
ប្រសិនបើមានវង់ភ្លេងមហោរី ២ ឬ ៣ វង់ វង់ភ្លេងនីមួយៗ
តែងតែប្រឹងអស់ពីសមត្ថភាព ក្នុងការប្រគំយកឈ្មះចាញ់ ។
វង់ភ្លេងណាដែលមានសមត្ថភាព ក្នុងការប្រគំយកឈ្នះចាញ់ ។
វង់ភ្លេងណាដែលមានសមត្ថភាពខ្ពស់ប្រគំបានយូរក្រអស់បទភ្លេងប្រើបទធំៗ វែងៗ
វង់ភ្លេងនោះតែងតែទទួលបានការសរសើរ អបអរ ចោមរោម លើកទឹកចិត្ត
អំពីសំណាក់អ្នកស្តាប់ ។ ការប្រគំបញ្ចេញសមត្ថភាពយកប្រៀបឈ្នះចាញ់
មានតែនៅក្នុងក្រុមភ្លេងមហោរីទេ ។
No comments:
Post a Comment