Published: Saturday, 26 September 2015
Written by Chan Virak Singha
ដើម្បីពណ៌នាសកម្មភាព
កាយវិការ រូបរាងមនុស្ស សត្វ រុក្ខជាតិ រឺវត្ថុនានា
អ្នកនិពន្វប្រើពាក្យពេចន៏យ៉ាងប៉ិនប្រសប់។ សិល្ប៍វិធី នេះ
អាចទាក់ទាញអារម្មណ៏អ្នកអាន អ្នកស្តាប់ អោយរំភើបរីករាយតាមការពណ៌នានោះ។
ពាក្យពេចន៏ទាំងនោះ អាចធ្វើអោយ អ្នកអាន អ្នកស្តាប់ ហាក់មានអារម្មណ៏បានលឺ
បានឃើញ បានចាប់ បានកាត់ផងដែរ។
ពាក្យទាំងនោះ ហៅថាពាក្យពណ៌នា រឺបង្ហាញសកម្មភាព។ ពាក្យនោះច្រើនជាគុណនាម កិរិយា និងគុណកិរិយា ដែលបង្ហាញកាយវិការ រស់រវើក។
ចូរអានអត្ថបទខាងក្រោម។ កន្សោមពាក្យដែលមានអក្សរដិត ប្រាប់សកម្មភាព ឯកន្សោមពាក្យដែលមានអក្សរទ្រេត ហើយដិត ជាពក្យពណ៌នា។
- នាងវិធាវីមានរាង រៀវទន់ភ្លន់ មុខ មូលក្រលង់ ហើយទុកសក់ប្រះស្មាខ្មៅញាប់។ (រឿងផ្កាស្រពោន)
- រទេះភ្លើង បោលលឿនដូចព្យុះ ពុះជ្រែកជើងភ្នំ ដោយបញ្ចេញសំលេងខ្ទ័ររំពង ធ្វើអោយរញ្ជួយផែនពសុធា។ (រឿងផ្កាស្រពោន)
- ខឹងខ្លាំងពេក នាងប្រើសំដីល្វីងជូរចត់តបទៅវិញ រួចដើរចេញទៅ។
- អាកាសធាតុ ត្រជាក់ស្រេង ធ្វើអោយរាងកាយនាង រងាញ័រចំប្រប់។
- ផ្កាម្អមចោលក្លិន ក្រអូបប្រហើរពីចំងាយ។
ពាក្យដែលមានអក្សរដិតហើយទ្រេត
ជាពាក្យពណ៌នា។ ពាក្យនេះជាគុណនាមនិងគុណកិរិយា។ វាបង្ហាញសភាពលក្ខណៈ រូបរាង
ទំហំ ពណ៌សម្បុរ រសជាតិ ក្លិនជាអាទិ៍។ ពាក្យទាំងនោះធ្វើអោយអ្នកអាន
រឺអ្នកស្តាប់មានអារម្មណ៏ដូចបានឃើញ រូបរាងដោយពាក្យ " រៀវទន់ភ្លន់ មូលក្រលង់
ប្រះស្មាខ្មៅញាប់" រឺបានលឺ ដោយពាក្យ "ខ្ទ័រសំពង" រឺដឹងរសជាតិដោយ "ល្វីងជូរចង់"
រឺហាក់មានអ្វីប៉ះរាងកាយដោយពាក្យ "ត្រជាក់ស្រេង"
រឺហាក់បានជួបនិងក្លិនដោយពាក្យ "ក្រអូបប្រហើរ"។ ពាក្យដែលមានអក្សរដិត
ជាពក្យបង្ហាញសកម្មភាព។ ពាក្យនេះជាកិរិយា និងគុណកិរិយា។ វាបង្ហាញកាយវិការ
រឺសកម្មភាព លេចធ្លោ រឺរស់រវើក ដែលមើលទៅហាក់ដូចជាកំពុងតែស្តែងឡើងនៅចំពោះមុខ។
កន្សោមពាក្យទាំងនោះមាន៖ បោលលឿនដូចព្យុះ ពុះជ្រែកជើងភ្នំ រញ្ជួយផែនពសុធា
រងាញ័រចំប្រប់ ដែលធ្វើអោយសកម្មភាពអ្នកអាន រឺអ្នកស្តាប់ ប្រមៃ
ឃើញសកម្មភាពរស់រវើកនៅចំពោះមុខ។
រូបារម្មណ៏
ជារូបភាពដែលទាក់ទង រឺដិតជាប់និងអារម្មណ៏ រឺចិត្តគំនិតអ្នកអាន អ្នកស្តាប់
តាមរយៈពាក្យពណ៌នា រឺពាក្យបង្ហាញសកម្មភាពរបស់អ្នកនិពន្ធ។ ជាទូទៅ
ពាក្យទាំងនេះច្រើនជាគុណនាម កិរិយា រឺគុណកិរិយាដែលត្រូវនិងសកម្មភាពលក្ខណៈ
រឺសកម្មភាពនោះ។
No comments:
Post a Comment