Published: Friday, 19 June 2015
Written by Chan Virak Singha
ព្រះពុទ្ធសាសនាមានលក្ខណៈពិសេស ៣ យ៉ាងគឺ
១-វិធីសាស្ត្រៈ
បានដល់ការសិក្សារៀនសូត្រពិធីផ្សេងៗក្នុងព្រះពុទ្ធសាសនា មានៈ ពិធីនមស្ការ
ព្រះរតនត្រ័យ,ពិធីថ្វាយខ្លួនជាឧបាសក ឧបាសិកា, ពិធីបំបួសកុលបុត្រ,
ពិធីប្រើប្រាស់បច្ច័យ៤, ពិធីធ្វើទានរក្សាសីល ចម្រើនមេត្តាភាវនា
និងពិធីផ្សេងៗទៀត មានៈ មាឃ-វិសាខបូជា ជាដើម ។
២-និទស្សនៈ
វិចារណកិច្ច ជាគ្រឿងបង្ហាញហេតុផលនៃសច្ចៈ មានបុគ្គលាធិដ្ឋានធម៌
និយាយប្រកាសពីផលបុណ្យ បាប នរក សួគ៌
ឱ្យឃើញច្បាស់នូវសកម្មភាពរបស់អ្នកធ្វើអំពើល្អ បានផលល្អ អ្នកធ្វើអំពើអាក្រក់
បានផលអាក្រក់ ដូចក្នុងទេវទូតសូត្រ និងក្នុងគម្ពីរធម្មបទ វិមានវត្ថុ
បេតវត្ថុ ជាដើម ។
៣-ទស្សនវិជ្ជាៈ
បានដល់បដិច្ចសមុប្បាទធម៌ និងអរិយសច្ចធម៌ជាដើម
សម្រាប់ពុទ្ធសាសនិកសិក្សាពិសោធន៍ ឱ្យមានប្រាជ្ញាញាណជាបញ្ញវន្ត
ដឹងស្គាល់នូវសភាវៈពិតរបស់លោកធាតុ ដើម្បីសាងជីវិតឱ្យបានសុខសន្តិភាព
និងបរមសុខជាអមតៈ ។
ព្រះពុទ្ធសាសនា មានគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា
សូមនិយាយដោយសង្ខេបមាន ៣ យ៉ាងគឺ
១-ព្រះពុទ្ធសាសនា ជាមូលដ្ឋាន នៃការចាប់ផ្ដើមស្ថាប័នជាតិខ្មែរ តាំងពីមុនគ្រិស្តសករាជ៣០០ឆ្នាំ ដរាបបានកើតជាអារ្យជាតិវិសេសមួយក្នុងលោក ។
២-ព្រះពុទ្ធសាសនា ជាប្រភព
នៃការរចនាភាសាខ្មែរ ឱ្យរីកដុះដាល កើតជាភាសាមួយក្នុងលោក ប្រកបដោយអង្គ ៣ ។
ដែលមាននិយាយក្នុងអត្ថបទអក្សរសាស្ត្រខ្មែរ សូមស្វែងរកអាន អង្គ
ឬគន្លឹះរបស់ភាសាខ្មែរមាន ៣ យ៉ាង ។
៣-ព្រះពុទ្ធសាសនា ជាធានី ឬជាទីជម្រកធំ
នៃអក្សរសាស្ត្រខ្មែរ ។ ដោយគុណបំណាច់នេះ
ទើបអក្សរសាស្ត្រខ្មែរបានប្រកាសរំឭកគុណព្រះពុទ្ធសាសនានៅខាងដើមក្បួនរបស់ខ្លួនថា
(នមោ ពុទ្ធាយ សទ្ធំ) វិសេសប្លែកជាងអក្សរសាស្ត្រនានាក្នុងលោក ។
No comments:
Post a Comment