Wednesday, March 9, 2016

ការសន្និដ្ខានហេតុ រឺ ផល



Published: Friday, 20 February 2015 Written by: Chan Virak Singha
អ្នកបានសិក្សារួចមកហើយអំពីទំនាក់ទំនងរវាងហេតុ និងផលនៅក្នុងអត្ថបទមុន។ ទំនាក់ទំនងនេះ មានលក្ខណៈ ច្បាស់លាស់ ដោយសារពាក្យសំគាល់ទំនាក់ទំនងរវាងហេតុ និងផលដូចជា  ពីព្រោះ  មកពី  នាំអោយ...។ ប៉ុន្តែក្នុងករណីខ្លះ គេប្រាប់តែផ្នែកមួយនៃទំនាក់ទំនងនោះប៉ុណ្ណោះ ហើយគេទុកលទ្ធភាព អោយអ្នកអាន រឺអ្នកស្តាប់

សន្និដ្ឋានផល រឺ ហេតុដោយ ខ្លួនឯង។
     ចូរអានឧទាហរណ៏ខាងក្រោម រួចស្វែងយល់ហេតុ និងផល។
  1. ឆ្នាំនេះ ក្រោយពេលកសិករស្ទូងរួច អាកាសធាតុប្រែជាក្តៅហែង ឯដីប្រេះបែកក្រហែង។ តើសន្ទូងនឹងទៅជាយ៉ាង ណា?
  2. ឆ្នាំមុនៗ កសិករចាប់ផ្តើមភ្ជួររាស់ដីធ្វើស្រែចំការ ពីខែមិថុនា។ ប៉ុន្តែឆ្នាំនេះ កសិករបែរជាចាប់ផ្តើមនៅខែកក្កដាវិញ។ ហេតុអ្វីបានជា កសិករផ្លាស់ប្តូរពេលវេលាធ្វើស្រែរបស់ខ្លួន?
  3. នៅឆ្នាំ ១៩៩៨ ប្រជាជនខេត្តកំពង់ចាម ដាំសណ្តែកលើផ្ទៃដីជាច្រើនហិចតា តែពេលសណ្តែកចេញផ្លែ ស្រាប់តែមាន ដង្កូវ មកបំផ្លាញសណ្តែកនោះ ស្ទើរគ្មានសល់។ តើម្ចាស់ដំណាំទាំងនោះ នឹងទទួលផលដូចម្តេច?
     ក្នុងឧទាហរណ៏ទី១ គេប្រាប់ហេតុ តែមិនប្រាប់ផលទេ។ អ្នកត្រូវកំណត់ផលដោយគំនិតផ្ទាល់របស់ខ្លួន។ យោងទៅលើ ហេតុការណ៏ខាងដើម គេអាចយល់បានថា សន្ទូងនឹងស្វិត រឺងាប់ ហើយប្រជាជនមុខជាជួបនឹងគ្រោះអត់ឃ្លាន។
     ក្នុងឧទាហរណ៏ទី២ គេប្រាប់ផល ហើយសួររកហេតុ។ គេអាចដឹងថា កសិករមិនអាចធ្វើស្រែនៅក្នុងខែមិថុនាបានទេ ព្រោះនៅខែនោះ មិនទាន់មានភ្លៀងធ្លាក់។
     ក្នុងឧទាហរណ៏ទី៣ គេប្រាប់ហេតុ ហើយសួររកផល។ ផ្អែកតាមមូលហេតុដែលគេប្រាប់ គេអាចដឹងថា ប្រជាជនទាំងនោះ នឹងទទួលបានផលសណ្តែកតិចតួចបំផុត។ ក្រៅពីនោះ តើមានព្រឹត្តិការណ៏អ្វីខ្លះទៀត ដែលអាចកើត ឡើងអំពីមូលហេតុខាងលើនេះ។
លំហាត់៖
ចូរសន្និដ្ឋានផល រឺហេតុ ដោយផ្អែកតាមអត្ថន័យ នៃល្បះខាងក្រោម៖
  1. គ្រួសារមួយដាំដំណាំជាច្រើននៅក្នុងចំការរបស់ខ្លួន។ តើគ្រួសារនេះទទួលបានផលដូចម្តេច?
  2. ឆ្នាំនេះ គ្រួសារខ្ញុំទទួលបានផលលើសពីឆ្នាំទៅ។ តើមកពីហេតុអ្វី?
  3. គេនាំគ្នាកាប់បំផ្លាញព្រៃឈើរាល់ថ្ងៃ តែមិននាំគ្នាដាំបន្ថែម។ តើនៅពេលខាងមុខ មនុស្ស សត្វ នឹងទទួលផលដូចម្តេច?

No comments:

Post a Comment