Wednesday, March 9, 2016

ទំនៀមទំលាប់បុណ្យចូលឆ្នាំខ្មែរ



Published: Saturday, 04 April 2015 Written by: Chan Virak Singha
ទំនៀមពិធីចូលឆ្នាំប្រព្រឹត្តទៅចំនួន ៣ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត ថ្ងៃទី២ ជាថ្ងៃវ័នបត ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។ ឯការកំណត់ខែ ថ្ងៃ ម៉ោង នាទីដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តាឆ្នាំថ្មីត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានយ៉ាងទៀងទាត់ ដោយអាស្រ័យតាមក្បួនហោរាសាស្ត្របែបបុរាណគឺក្បួនមហាសង្ក្រាន្ត នេះឯង។
តើថ្ងៃចូលឆ្នាំថ្មីរបស់ខ្មែរយើងត្រូវលើខែណា ? ថ្ងៃណា ? ចាប់ពីត្រឹមសម័យក្រុងនគរធំឡើងទៅខ្មែរយើងប្រើចន្ទគតិ (ដំណើរព្រះចន្ទ) ទើបកំនត់យកខែមិគសិរជាខែចូលឆ្នាំ ហើយជាខែទី១ ខែកត្តិក ជាខែទី១២ ។ លុះក្រោយមកទើបគេនិយមប្រើសុរិយគតិ (ដំណើរព្រះអាទិត្យ)ជាសំខាន់វិញហើយ កំណត់ ចូលឆ្នាំក្នុងខែចែត្រ (ខែទី៥) ដែលជាឆ្នាំកំនត់ព្រះអាទិត្យចូលកាន់មេរាសី ហើយថ្ងៃចូលឆ្នាំរមែងត្រូវលើថ្ងៃទី១៣ នៃខែមេសា (ចេត្រ) រៀងរាល់ឆ្នាំ ប៉ុន្តែយូរៗទៅមានភ្លាត់ម្តងៗ ចូលឆ្នាំក្នុងថ្ងៃទី១៤ ក៏មានខ្លះដែរ ។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមសុរិយគតិមានឈ្មោះថា «សាមញ្ញសង្ក្រាន្ត» (ព្រះអាទិត្យដើរត្រង់ពីលើក្បាលជាសង្ក្រាន្ត)។ មហាសង្ក្រាន្តដែលប្រើរបៀបគន់គូរតាមចន្ទគតិហៅថា «អាយន្តសង្ក្រាន្ត» (ពេលដែលព្រះអាទិត្យដើរបញ្ឈៀងមិនត្រង់ពីលើ) ។ គេនៅប្រើចន្ទគតិអែបគ្នា នឹងសុរិយគតិដែរ ព្រោះចន្ទគតិមានទំនាក់ទំនងនឹងពុទ្ធប្បញ្ញត្តិច្រើន ។ ចំនែកឯថ្ងៃចូលឆ្នាំតាមចន្ទគតិមិនបានទៀងទាត់ជាថ្ងៃណាមួយទេ ជួនកាលចូលឆ្នាំក្នុងវេលាខ្នើត ជួនកាលទៀតក្នុងវេលារនោចទៅវិញ ។ ប៉ុន្តែនៅក្នុងរវាង១ខែគឺមិនមុនថ្ងៃ ៤កើត ខែចេត្រ និងមិនហួសថ្ងៃ ៤កើត ខែពិសាខទេ ដូចនេះសង្ក្រាន្តខ្លះធ្លាក់ទៅក្នុងខែពិសាខក៏មាន ។
ចំពោះពិធីផ្សេងៗខ្មែរយើងមានរៀបចំតាមប្រពៃណីដូចតទៅ នៅពេលមុនចូលឆ្នាំគេនាំគ្នាប្រុងប្រៀប រកស្បៀងអាហារសំអាតផ្ទះសំបែង រែកទឹកដាក់ពាង រកអុសទុកកាត់សំលៀកបំពាក់ថ្មីៗជាដើម ។ ថ្ងៃចូលឆ្នាំមកដល់គេរៀបគ្រឿងសក្ការៈបូជាសំរាប់ទទួលទេវតាថ្មី មាន : បាយសីមួយគូ ស្លាធម៌១គូ ធូប៥ ទៀន៥ ទឹកអប់១គូ ផ្កាភ្ញី លាជ ទឹកមួយផ្តិល និងភេសជ្ជៈនំនែក ផ្លែឈើគ្រប់មុខ។ ចំនែកផ្ទះសំបែងគេតុបតែងរំលេចដោយអំពូលអគ្គីសនីខ្សែតូចៗចំរុះពណ៌ រឺចង្កៀងគោម គ្រប់ពណ៌សំរាប់ទទួលទេព្តាថ្មី។ លុះដល់វេលាកំណត់ទេព្តាថ្មីចុះមកហើយ គេនាំកូនចៅអង្គុយជុំគ្នា នៅជិតកន្លែងរៀបគ្រឿងសក្ការៈនោះ ហើយអុជទៀន ធូបបាញ់ទឹកអប់ បន់ស្រន់សុំសេចក្តីសុខចំរើនគ្រប់ប្រការពីទេព្តាថ្មី ។ ចំពោះគ្រឿងសក្ការៈ និងក្រយាស្ងោយដាក់ថ្វាយទេព្តោនាះ គេនិយមតំរូវតាមចិត្តទេវតាដែលនឹងត្រូវចុះក្នុងឆ្នាំនីមួយៗ។

ឧទាហរណ៍ : បើទេវតាដែលត្រូវចុះមកនោះសោយល្ង សណ្តែក គេដាក់សណ្តែក ល្ង ថ្វាយ...ឯពិធី ៣ថ្ងៃនៃថ្ងៃចូលឆ្នាំនោះគឺ :
  • ថ្ងៃទី១ : គេយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្ត ។ ពេលល្ងាចគេនាំគ្នាជញ្ជូនខ្សាច់សាងវាលុកចេតិយនៅជុំវិញព្រះវិហារ រឺនៅជុំវិញដើមពោធិ៍ណាមួយនៅក្នុងវត្តនោះ ។ នៅពេលព្រលប់គេប្រគេនភេសជ្ជៈដល់ព្រះសង្ឃ និមន្តលោកចំរើន ព្រះបរិត្ត និងសំដែងធម្មទេសនា ។
  • ថ្ងៃទី២ : កូនចៅជូនសំលៀកបំពាក់ នំចំណី លុយកាក់ដល់អ្នកមានគុណ មានឪពុកម្តាយ ជីដូនជីតាជាដើម ។ ជួនកាលគេធ្វើទាន ដល់មនុស្សបំរើ រឺអ្នកក្រីក្រទៀតផង ។ ពេលរសៀលគេនាំគ្នាទៅពូនភ្នំខ្សាច់ទៀត ហើយ សូត្រធម៌អធិដ្ឋានភ្នំខ្សាច់ដែលគេសន្មត់ទុកដូចជាចូឡាមណី ចេតិយ ហើយនិមន្តព្រះសង្ឃបង្សុកូលចេតិយបញ្ជូន មគ្គផលដល់វិញ្ញាណក្ខន្ធបង ឬ ប្អូនដែលបានស្លាប់ទៅ ។
  • ថ្ងៃទី៣ : ពេលព្រឹកនិមន្តព្រះសង្ឃឆ្លងភ្នំខ្សាច់ ។ ពេលល្ងាចនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប (តាមការ និយមនៃស្រុកខ្លះ) ។ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គេនាំគ្នាលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយជាច្រើន ដូចជាលេង បោះអង្គញ់ ចោលឈូង ទាញព្រ័ត្រ លាក់កន្សែង ចាប់កូនខ្លែងជាដើម និងមានរបាំត្រុដិ (ច្រើនមាននៅខេត្តបាត់ដំបង និង សៀមរាប) ជាពិសេសទៀតគឺរាំវង់តែអាស្រ័យទៅតាមការនិយមចូលចិត្ត របស់មនុស្ស ម្នាក់ៗ គឺខ្លះនិយមនាំគ្នាដើរកំសាន្ដបន្ត ខ្លះនិយមធ្វើបុណ្យទានតាមវត្តអារាម។

No comments:

Post a Comment